ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
ដានីយ៉ែល 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរ ដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី ព្រះគម្ពីរខ្មែរសាកល “នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ អាល់គីតាប នៅគ្រាចុងក្រោយ មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ ហើយជាអ្នកថែរក្សាប្រជាជនរបស់អ្នកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់អ្នក ចំពោះអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ |
ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់
ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសំរេចការនេះ។
ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយ នឹងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល នឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ
ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជីនៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត
នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង
ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
ប៉ុន្តែ យើងនឹងប្រាប់អ្នកពីសេចក្ដីដែលកត់ទុកក្នុងគម្ពីរដ៏ពិត គ្មានអ្នកណាជួយខាងយើងក្នុងដំណើរការទាំងនេះឡើយ មានតែមីកែល ជាទេវតារបស់អ្នកប៉ុណ្ណោះ។
វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ។
មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ
ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់
ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ
ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង
ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។
ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្ដីមេត្រីដល់លោកីយដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។
នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្ដីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិលល្មើសពីយ៉ាកុបទៅ
ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ
ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប
នោះមានចំបាំងនៅលើមេឃ គឺមីកែល នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ
ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ
គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ នឹងចំពោះពួកទេវតាទ្រង់ដែរ
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម