ជនគណនា 31:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្ដីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ស្ត្រីទាំងនេះហើយដែលបាននាំឲ្យកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីរឿងនៅពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានគ្រោះកាចកើតឡើងក្នុងក្រុមជំនុំនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអរ បណ្ដាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។ អាល់គីតាប គឺស្ត្រីទាំងនេះហើយ ដែលបានធ្វើតាមពាក្យបាឡាម និងទាក់ទាញអ៊ីស្រអែលឲ្យក្បត់ចិត្តអុលឡោះតាអាឡា នៅពេអ៊រ បណ្តាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់អុលឡោះតាអាឡា។ |
យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ
មើល ទូលបង្គំត្រឡប់ទៅឯសាសន៍ទូលបង្គំឥឡូវនេះឯង សូមយាងមកនេះ ទូលបង្គំនឹងប្រកាសទូលទ្រង់ពីការដែលសាសន៍នេះ នឹងធ្វើដល់សាសន៍ទ្រង់នៅគ្រាជាន់ក្រោយ
ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។
ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ
ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសំអាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត
វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ
ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង