ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ
ព្រះអង្គមិនបានឃើញមានគ្រោះកាចនៅក្នុងពួកយ៉ាកុបទេ ក៏មិនឃើញមានភាពវឹកវរនៅក្នុងពួកអ៊ីស្រាអែលដែរ។ ព្រះយេហូវ៉ាជាព្រះរបស់គេ ទ្រង់គង់នៅជាមួយគេ ទាំងមានសម្រែកប្រកាសថាព្រះអង្គជាស្តេចនៅកណ្ដាលពួកគេ។
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅយ៉ាកកូបឡើយ ហើយក៏គ្មានទុក្ខវេទនាណា កើតមានដល់ កូនចៅអ៊ីស្រអែលដែរ។ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ នៅជាមួយពួកគេ ពួកគេប្រកាសថា ទ្រង់ជាស្តេចរបស់ពួកគេ។
ហើយមើល ព្រះទ្រង់គង់ជាមួយ ក៏ជាអ្នកនាំមុខយើង ពួកសង្ឃរបស់ទ្រង់ក៏កាន់ត្រែ សំរាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងឯងរាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯងរាល់គ្នាឡើយ ពីព្រោះឯងរាល់គ្នានឹងមិនចំរើនទេ។
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូនមក ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិម ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។ –បង្អង់
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។ –បង្អង់
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន
នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ
ទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា អញនេះបានចាត់ឯងទៅ
រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។
គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ នឹងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ
ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង
មើល ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ទ្រង់បានប្រោសឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតទ្រង់បានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយទ្រង់ហើយ
កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នកដែលអញទុកឲ្យសល់នៅ។
ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚
នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត នឹងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត នឹងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង
ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។
ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ
«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ
ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។
ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ
តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង
គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»
ព្រះយេហូវ៉ាក៏បង្គាប់ដល់យ៉ូស្វេជាកូននុនថា ចូរមានកំឡាំង ហើយចិត្តក្លាហានចុះ ដ្បិតត្រូវឲ្យឯងនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលអញបានស្បថនឹងគេ ឯអញក៏នឹងនៅជាមួយនឹងឯង។
គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ គេជាដំណមនុស្សវៀច ហើយក្រវិចក្រវៀន
លោកជាស្តេចនៅក្នុងពួកយេស៊ូរុន ក្នុងកាលដែលពួកមេលើរាស្ត្របានប្រមូលគ្នា ព្រមទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង។
គឺចេះតែមានចិត្តរឹងចចេសចំពោះព្រះយេហូវ៉ាជានិច្ច តាំងតែពីថ្ងៃដែលអញទើបនឹងស្គាល់ឯងរាល់គ្នាមក។
តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ
សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក