ចោទិយកថា 8:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបាននាំឯងដើរកាត់ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង នឹងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែទ្រង់បានធ្វើឲ្យទឹកចេញពីថ្មយ៉ាងរឹងឲ្យឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំអ្នកដើរកាត់ទីរហោស្ថានដ៏ធំ គួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែព្រះអង្គបានធ្វើឲ្យទឹកចេញពីថ្មដ៏រឹងបំផុតឲ្យអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ អាល់គីតាប អុលឡោះបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ |
គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីពួកសត្វនៅស្រុកត្បូង គេផ្ទុកទ្រព្យរបស់គេនៅលើខ្នងលាស្ទាវ ហើយផ្ទុកសម្បត្តិរបស់គេ នៅលើបូកសត្វអូដ្ឋ ដឹកនាំកាត់ស្រុកដែលមានសេចក្ដីលំបាក នឹងសេចក្ដីថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក នឹងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលនឹងគ្មានប្រយោជន៍ដល់គេសោះ
ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស នឹងកក់ផង
មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់
គេក៏មិនបានសួរថា ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ នឹងជង្ហុក គឺជាទីមានតែដីហួតហែង នឹងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា
រួចម៉ូសេលើកដៃឡើង វាយថ្មនោះដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ នឹងហ្វូងសត្វគេក៏នាំគ្នាផឹកទៅ។
នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន
ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ
រួចយើងរាល់គ្នាក៏ធ្វើដំណើរ ចេញពីភ្នំហោរែប ដើរកាត់អស់ទាំងទីរហោស្ថានសំបើម គួរស្ញែងខ្លាចនោះដែលឯងរាល់គ្នាបានឃើញ តាមផ្លូវទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី តាមដែលព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាបានបង្គាប់មក រហូតទៅដល់កាដេស-បារនា
ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា នឹងប្រេងពីថ្មដ៏រឹង