ចោទិយកថា 8 - អាល់គីតាបអុលឡោះតាអាឡាជាម្ចាស់អប់រំអ៊ីស្រអែលនៅវាលរហោស្ថាន 1 «ចូរកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត កើនចំនួនច្រើនឡើង ហើយកាន់កាប់ទឹកដីដែលអុលឡោះតាអាឡាសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា។ 2 ចូរនឹកចាំថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ អុលឡោះល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ទ្រង់ ឬយ៉ាងណា។ 3 អុលឡោះបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ទ្រង់ប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ អុលឡោះប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីអុលឡោះតាអាឡា។ 4 ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ 5 ចូរទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។ 6 ចូរកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ហើយដើរតាមមាគ៌ារបស់ទ្រង់ និងគោរពកោតខ្លាចទ្រង់»។ ការល្បួងផ្សេងៗនៅក្នុងទឹកដីសន្យា 7 «អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្តូង និងប្រភពទឹកដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ 8 ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។ 9 នៅស្រុកនោះ អ្នកនឹងមានអាហារបរិបូណ៌ ឥតខ្វះខាតអ្វីឡើយ។ ស្រុកនោះសម្បូណ៌ដែកនៅក្នុងថ្ម ហើយមានរ៉ែស្ពាន់នៅតាមភ្នំ។ 10 ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។ 11 ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយលែងកាន់តាមបទបញ្ជា ហ៊ូកុំរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ 12 ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗ ធ្វើជាលំនៅដ្ឋាន 13 ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន 14 ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។ 15 អុលឡោះបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ 16 អុលឡោះប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ទ្រង់ធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។ 17 មិនត្រូវគិតថា អ្នកមានសម្បត្តិ ដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ 18 ចូរនឹកចាំពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នក ដូចទ្រង់ធ្វើនៅថ្ងៃនេះស្រាប់។ 19 ប្រសិនបើអ្នកបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។ 20 ពិតមែនហើយ ប្រសិនបើអ្នករាល់គ្នាមិនស្តាប់តាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងត្រូវវិនាសដូចប្រជាជាតិនានា ដែលទ្រង់បានធ្វើឲ្យវិនាសសូន្យ បាត់ពីមុខអ្នករាល់គ្នាដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies