ចោទិយកថា 18:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែហោរាណាដែលនឹងនិយាយប្រាប់អ្វីតាមតែអំពើចិត្ត ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ឲ្យសោះ ឬដែលនឹងនិយាយដោយនូវឈ្មោះព្រះដទៃ ហោរានោះនឹងត្រូវស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ហោរាណាដែលហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងក្នុងនាមព្រះដទៃ ហោរានោះនឹងត្រូវស្លាប់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ |
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកហោរា ដែលលួចពាក្យអញចេញពីគ្នាទៅវិញទៅមក
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកហោរាដែលប្រើអណ្តាតនិយាយថា ព្រះអង្គមានបន្ទូល
នោះពួកសង្ឃនឹងពួកហោរា គេជំរាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់
ព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឲ្យមកសោះ គឺគេទាយជាសេចក្ដីកំភូតដោយនូវឈ្មោះអញវិញ ដើម្បីឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រូវវិនាសបង់ គឺទាំងខ្លួនឯងរាល់គ្នា នឹងពួកហោរាដែលទាយដល់ឯងផង។
គេបានឃើញសេចក្ដីភូតភរ នឹងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូល តែព្រះយេហូវ៉ាទ្រង់មិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសំរេចជាពិត
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា នឹងវិញ្ញាណអសោចិ៍ចេញផុតពីស្រុកដែរ
គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ
ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ
បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯង ឬពួកឰយុកោឯងមិនដែលបានស្គាល់សោះ
ឯអ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត ឥតស្តាប់តាមសង្ឃដែលឈរបំរើដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅទីនោះ ឬតាមចៅក្រមផង អ្នកនោះនឹងត្រូវទោសដល់ស្លាប់ ត្រូវឲ្យបំបាត់សេចក្ដីអាក្រក់ពីសាសន៍អ៊ីស្រាអែលចេញ
បើឯងគិតក្នុងចិត្តថា ធ្វើដូចម្តេចឲ្យយើងដឹងជាពាក្យណា ដែលព្រះយេហូវ៉ាមិនបានមានបន្ទូល
គឺកាលណាហោរាណានឹងទាយដោយនូវព្រះនាមព្រះយេហូវ៉ា នោះបើការនោះមិនឃើញមានមក ក៏មិនកើតមកទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានបន្ទូល ហោរានោះបានពោលតាមតែអំពើចិត្តរបស់ខ្លួនទេ មិនត្រូវឲ្យឯងខ្លាចគេឡើយ។
តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ នឹងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ
នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះគេមានសេចក្ដីវេទនាយ៉ាងខ្លាំង។