ព្រះបន្ទូលនៃជីវិត1 សេចក្ដីដែលមានតាំងពីដើមដំបូង ជាអ្វីដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែក ក៏បានមើល ហើយដៃបានប៉ះពាល់ គឺអំពីព្រះបន្ទូលនៃជីវិត 2 (ដ្បិតជីវិតនេះបានលេចមកហើយ យើងបានឃើញ ក៏ធ្វើបន្ទាល់ ហើយប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានលេចមកឲ្យយើងឃើញ)។ 3 ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ 4 យើងសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។ ព្រះទ្រង់ជាពន្លឺ5 នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។ 6 ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ 7 តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។ 8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ។ 9 ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។ 10 ប្រសិនបើយើងពោលថា យើងមិនដែលធ្វើបាបសោះ នោះយើងធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហក ហើយព្រះបន្ទូលព្រះអង្គមិនស្ថិតនៅក្នុងយើងទេ។ |
© 2016 United Bible Societies
Bible Society in Cambodia