ពាក្យ​លំនាំ
ជា​យូរ​ឆ្នាំ ក្រោយ​ពេល​ព្រះយេស៊ូវ​សោយ​ទិវង្គត មាន​កើត​វិបត្ដិ​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​អ្នក​ជឿ គឺ​គ្រីស្ទបរិស័ទ​ខ្លះ​ដែល​ស្ទាត់​ជំនាញ​ខាង​ទស្សន​វិជ្ជា​ក្រិក អួត​ខ្លួន​ថា​គេ​អាច «ស្គាល់» និង «ឃើញ» ព្រះ​បាន​ដោយ​ប្រាជ្ញា និង​តាម​ការ​ត្រិះរិះ​របស់​ខ្លួន។ ពួក​គេ​អួត​ទៀត​ថា ខ្លួន​គេ​គ្មាន​ជាប់​បាប​ទាល់​តែ​សោះ ជា​ពិសេស​ទៅ​ទៀត អ្នក​ទាំង​នោះ​មិន​ជឿ​ថា​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ទេ ហើយ​ក៏​មិន​ជឿ​ថា​ព្រះអង្គ​ជា​មនុស្ស​ធម្មតា​ដែរ។ គេ​នឹក​ស្មាន​ថា ព្រះវិញ្ញាណ​របស់​ព្រះរាជ​បុត្រា​បាន​យាង​ចូល​ក្នុង​រូប​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ នៅ​ពេល​លោក​យ៉ូហាន-បាទីសទ្ទ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ ពួក​គេ​ស្មាន​ទៀត​ថា ព្រះវិញ្ញាណ​របស់​ព្រះរាជបុត្រា បាន​យាង​ចេញ​ទៅ​វិញ​នៅ​ពេល​ព្រះយេស៊ូវ​រង​ទុក្ខ​លំបាក។
គោល​បំណង
លោក​យ៉ូហាន​សរសេរ​សំបុត្រ​បី​ច្បាប់​នេះ នៅ​ចុង​សតវត្ស​ទី​មួយ ដើម្បី​ប្រៀន​ប្រដៅ​គ្រីស្ទបរិស័ទ​ទាំងឡាយ​ឲ្យ​កាន់​ជំនឿ​ត្រឹម​ត្រូវ កុំ​ចាញ់​បោក​ពួក​អ្នក​ដែល​ផ្សាយ​ទ្រឹស្ដី​ផ្ដេស​ផ្ដាស​ទាំង​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ផ្លូវ​ដ៏​ពិត​ប្រាកដ គឺ​ថា អ្នក​ណា​មាន​ចិត្ដ​ស្រឡាញ់​ចំពោះ​អ្នក​ផង​ទាំង​ពួង អ្នក​នោះ​ហើយ​ដែល​ស្គាល់ និង​ឃើញ​ព្រះ!។ សំបុត្រ​ទី​ពីរ និង​ទី​បី ជា​សំបុត្រ​ខ្លីៗ ផ្ញើ​ទៅ​ក្រុម​គ្រីស្ទបរិស័ទ​មួយ និង​គ្រីស្ទបរិស័ទ​ម្នាក់​ឈ្មោះ​កៃយុស។
គម្រោង​គម្ពីរ​យ៉ូហាន​ទី​១៖
• សេចក្ដី​ផ្ដើម ១.១-៤
• ពន្លឺ និង​ភាព​ងងឹត ១.៥-២.២៩
• កូន​របស់​ព្រះ និង​កូន​របស់អារក្ស​សាតាំង ៣.១-២៤
• សេចក្ដី​ពិត និង​គ្រូ​ក្លែងក្លាយ​៤.១-៦
• សេចក្ដី​ស្រឡាញ់ ៤.៧-២១
• ជ័យ​ជម្នះ​របស់​ជំនឿ ៥.១-២១
គម្រោង​គម្ពីរ​យ៉ូហាន​ទី​២៖
• សេចក្ដី​ផ្ដើម ១-៣
• សេចក្ដី​ស្រឡាញ់​រវាង​បងប្អូន ៤-៦
• គ្រូ​ក្លែង​ក្លាយ ៧-១១
• អវសានកថា ១២-១៣
គម្រោង​គម្ពីរ​យ៉ូហាន​ទី​៣៖
• សេចក្ដី​ផ្ដើម ១-៤
• ភក្ដីភាព​របស់​លោក​កៃយុស ៥-៨
• ឌីអូត្រែប និង​ដេមេទ្រាស ៩-១២
• អវសានកថា ១៣-១៥