ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេ‌សេ‌គាល 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេ‌សេ‌គាល 7

ការ​គំរាម​ដោយ​គ្រោះ​មហន្ត‌រាយ

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

2 «ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​បួន​ទិស​ហើយ។

3 ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក មក​លើ​អ្នក​ផង។

4 ភ្នែក​យើង​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​អ្នក​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​មក​លើ​អ្នក នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ហើយ ដូច្នេះ អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

5 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​មួយ ការ​នោះ​កំពុង​តែ​មក​ហើយ។

6 ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​អ្នក មើល‌ន៏ កំពុង​តែ​មក​ហើយ។

7 ឱ​អ្នក​ស្រុក​អើយ ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។

8 ឥឡូវ​នេះ យើង​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ របស់​យើង​ទៅ​លើ​អ្នក ហើយ​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​អ្នក យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​នឹង​ទម្លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​អ្នក​ទៅ​លើ​អ្នក​ផង។

9 ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​ក៏​មិន​អាណិត​មេត្តា​ដល់​អ្នក​ដែរ យើង​នឹង​សង​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​នៅ​កណ្ដាល​អ្នក​ដែរ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​អ្នក​ពិត»។

10 មើល៍! ថ្ងៃ​ដល់​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង។

11 អំពើ​ឃោ​ឃៅ​បាន​ដុះ​ឡើង​ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​អ្នក​ណា​ក្នុង​ពួក​គេ​នៅ​សេស​សល់​ឡើយ ក៏​គ្មានភាព​សម្បូណ៌ ឬ​ទ្រព្យ‌សម្បត្តិ ឬ​កិត្តិ​យស​ណា​នៅ​សេស​សល់​ក្នុង​ចំណោម​ពួក​គេ​ដែរ។

12 ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ។

13 អ្នក​ដែល​បញ្ចាំ ទោះ​បើ​មាន​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​មាន​ធន‌ធាន​ត្រឡប់​មក​វិញ​ដែរ ដ្បិត​និមិត្ត​នេះ​តម្រូវ​លើ​ជន​ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

14 គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​យើង គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់។

15 ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្ស អ្នក​ណា​ដែល​នៅ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​លេប​គេ​ទៅ។

16 ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។

17 មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក។

18 គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាច ទាំង​មាន​សេចក្ដី​ខ្មាស​បាក់​មុខ ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។

19 គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​មាស​ក៏​គ្មាន​តម្លៃ ទាំង​ប្រាក់ ទាំង​មាស​របស់​គេ​នឹង​ជួយ​គេ​មិន​បាន​ឡើយ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នោះ គេ​នឹង​មិន​ស្កប់​ចិត្ត ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ព្រោះ​របស់​នោះ ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន។

20 ឯ​គ្រឿង​លម្អ​របស់​គេ បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។

21 យើង​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​សាសន៍​ដទៃ​ធ្វើ​ជា​រំពា និង​ពួក​មនុស្ស​នៅ​ផែន​ដី​ប្លន់​យក ពួក​នោះ​នឹង​បន្ទាប​បន្ថោក​របស់​ទាំង​នោះ។

22 យើង​នឹង​បែរ​មុខ​ចេញ​ពី​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង របស់​យើង​ដែរ និង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។

23 ចូរ​ធ្វើ​ច្រវាក់ ព្រោះ​ស្រុក​នេះ​ពោពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ហើយ​ទី​ក្រុង​ពោពេញ​ដោយ​កំហឹង

24 យើង​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត ឲ្យ​មក​ចាប់​យក​ផ្ទះ​របស់​គេ យើង​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​អាប់‌ឱន​ចុះ។

25 ពេល​ការ​បំផ្លាញ​មក​ដល់ គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​រក​មិន​បាន​សោះ។

26 មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ ហើយ​ក៏​នឹង​ឮ​ពាក្យ​ចចាម អារាម​អាក្រក់​ជា​បន្ត​បន្ទាប់ គេ​ស្វែង​រក​និមិត្ត​ពី​ពួក​ហោរា ប៉ុន្តែ ក្រឹត្យ‌វិន័យ​នឹង​បាត់​អស់ ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ។

27 ស្តេច​កាន់​ទុក្ខ ហើយ​ពួក​ចៅ‌ហ្វាយ​អស់​សង្ឃឹម ឯ​ដៃ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជម្រះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។

© 2016 United Bible Societies

Bible Society in Cambodia