ព្រះអម្ចាស់ដាក់ទោសស្រុកអេស៊ីព្ទ1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2 «កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ! 3 ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ 4 នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួស ដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់ 5 ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។ 6 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេន រហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 7 ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្ដាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ។ 8 ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលយើងបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ។ 9 នៅថ្ងៃនោះ ពួកទូតនឹងចេញពីយើងទៅ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើល៍! ថ្ងៃនោះមកហើយ»។ 10 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន។ 11 ស្តេចនោះ និងពួកប្រជារាស្ត្រ គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសព នៃមនុស្សដែលគេសម្លាប់។ 12 យើងនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួត ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះ ដោយសារដៃនៃពួកអ្នកដទៃ គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ»។ 13 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូព នឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត យើងនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ។ 14 នឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសម្រេចសេចក្ដីយុត្តិធម៌ដល់ក្រុងថេបផង។ 15 យើងនឹងចាក់សេចក្ដីឃោរឃៅ របស់យើងទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយកាត់ពួកបណ្ដាជនចេញពីក្រុងថេប។ 16 យើងនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងថេបនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ។ 17 ពួកកំលោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវនាំទៅជាឈ្លើយ។ 18 នៅត្រង់ក្រុងតាហាពេនេស ថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលយើងបំបាក់នឹម ស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ។ 19 គឺយ៉ាងនោះដែលយើងនឹងសម្រេច សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះបន្ទូលប្រឆាំងនឹងផារ៉ោន20 នៅឆ្នាំទីដប់មួយ ខែទីមួយ ថ្ងៃទីប្រាំពី ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 21 «កូនមនុស្សអើយ យើងបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកម្លាំងអាចកាន់ដាវទៀតបានឡើយ។ 22 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ យើងនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះ យើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា។ 23 យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេទៅគ្រប់ស្រុក។ 24 យើងនឹងចម្រើនកម្លាំងដៃស្តេចបាប៊ីឡូន ហើយដាក់ដាវយើងទៅក្នុងដៃវា តែយើងនឹងបំបាក់ដៃទាំងពីររបស់ផារ៉ោន ហើយស្តេចបាប៊ីឡូននឹងថ្ងូរ ដូចជាមនុស្សដែលត្រូវរបួសដល់ស្លាប់។ 25 យើងនឹងជ្រោងដៃស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងដាក់ដាវរបស់យើងទៅក្នុងដៃស្តេចបាប៊ីឡូន ហើយពេលស្ដេចលូកដាវនោះទៅលើស្រុកអេស៊ីព្ទ។ 26 យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេឲ្យទៅនៅគ្រប់ស្រុក នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ |
© 2016 United Bible Societies
Bible Society in Cambodia