ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 59

អំពើអយុត្តិធម៌ និង​ការសង្កត់​សង្កិន ត្រូវ​ទទួល​ទណ្ឌកម្ម

1 មើល៍ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មិន​មែន​រួញ​ខ្លី ដែល​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ធ្ងន់​ព្រះ‌កាណ៌ ដែល​ស្តាប់​មិន​ឮ​នោះ​ដែរ

2 គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។

3 ដ្បិត​ដៃ​របស់​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​អ្នក​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្ដាត​អ្នក​ពោល​ងាំៗ​ចេញ​ជា​អំពើ​ទុច្ចរិត

4 គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ គេ​មាន​ទម្ងន់​ជា​គំនិត​បៀត‌បៀន ហើយ​សម្រាល​ចេញ​ជា​អំពើ​ទុច្ចរិត។

5 គេ​ភ្ញាស់​ពង​របស់​ពស់​វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក ក៏​ញាស់​ចេញ​ជា​ពស់​វែក

6 មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ កិច្ច‌ការ​របស់​គេ​សុទ្ធ​តែ​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ។

7 ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​អំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។

8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ក្នុង​ដំណើរ​របស់​គេ គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

9 ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់ យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​យើងមាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង។

10 យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្ដាល​ទី​សាប‌សូន្យ។

11 យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា​ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ណាស់។

12 ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​ស្គាល់​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ហើយ

13 គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក។

14 ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។

15 សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ ហើយ​យល់​ឃើញ​ថា នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។

16 ព្រះ‌អង្គ​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា សម្រាប់​ជួយ​អង្វរ​ជំនួស​គេ ដូច្នេះ ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ក៏​គាំទ្រ​ព្រះ‌អង្គ។

17 ព្រះ‌អង្គ​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​ឃ្លុំ​អង្គ

18 ព្រះ‌អង្គ​នឹង​សង​ដល់​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​ជា​សេចក្ដី​ក្រោធ​ដល់​ពួក​ទាស់​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​ជា​សំណង​តប​ដល់​ពួក​ខ្មាំង​សត្រូវ ព្រះ‌អង្គ​នឹង​សង​ដល់​អស់​ទាំង​ស្រុក​ក្បែរ​សមុទ្រយ៉ាង​នោះ​ដែរ។

19 យ៉ាង​នោះ​គេ​នឹង​កោត​ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌អង្គ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា។

20 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​អ្នក​ជួយ​ប្រោស​លោះ​មក​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពូជ‌ពង្ស​យ៉ាកុប ដែល​លះ‌លែង​ពី​អំពើ​រំលង។

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia