ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 24

ព្រះ​នឹង​វិនិច្ឆ័យ​ទោស​ផែនដី

1 មើល៍ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង

2 នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ដែរ។

3 ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

4 ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ។

5 ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។

6 ហេតុ​ដូច្នេះ​បាន​ជា​បណ្ដាសា បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ។

7 ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ​គេ​ដក​ដង្ហើម​ធំ។

8 ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ។

9 គេ​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក។

10 ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ផ្ទះ​បាន​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ។

11 នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក រក​ស្រា​ទំពាំង‌បាយ‌ជូរ អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ។

12 នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់។

13 ដ្បិត​នៅ​ក្នុង​បណ្ដា‌ជន​ជាតិ​ដែល​នៅ​កណ្ដាល​ផែនដី នឹង​ត្រូវ​ដូច​ជា​ពេល​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយពេល​ដែល​គេ​ប្រមូល​ផល​រួច​រាល់។

14 ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា។

15 ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលនៅ​ស្រុក​ក្បែរ​សមុទ្រ។

16 យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ​ហើយ​ខ្ញុំ ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​មនុស្ស​ឧបាយ បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង

17 ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ និង​អន្ទាក់​គ្រប​លើ​អ្នក​ហើយ

18 ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ។

19 ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង

20 ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។

ចុង​បញ្ចប់​របស់​អាណា‌ចក្រ​នានា

21 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី​ដែរ។

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

23 គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សោយ‌រាជ្យ លើ​ភ្នំ​ស៊ីយ៉ូន​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ ពួក​ចាស់​ទុំ​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia