ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហូសេ 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ហូសេ 2

1 ចូរ​ប្រាប់ "អាំមី " ជា​បង‌ប្អូន​ប្រុស របស់​អ្នក ហើយ​ប្រាប់ "រូហាម៉ា "​ជា​បង‌ប្អូន​ស្រី របស់​អ្នក។

អំពើ​ផិត​ក្បត់​របស់​អ៊ីស្រា‌អែល ការ​ដាក់​ទោស និង​ការ​ប្រោស​លោះ

2 ចូរ​ចោទ​ប្រកាន់​ម្តាយ​របស់​ឯង ចូរ​ចោទ​ប្រកាន់​ទៅ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ ចូរ​ឲ្យ​នាង​លះ​ចោល​អំពើ​ពេស្យា‌ចារ​ពី​មុខ​នាង​ចេញ ហើយ​អំពើ​ផិត​ក្បត់​ពី​កណ្ដាល​ទ្រូង​នាង​ចេញ​ទៅ

3 ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។

4 យើង​នឹង​មិន​អាណិត​មេត្តា​ដល់​កូន​របស់​នាងទេ ព្រោះ​គេ​សុទ្ធ​តែ​ជា​កូន​នៃ​អំពើ​ពេស្យា‌ចារ។

5 ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា គឺ​អ្នក​ដែល​បាន​ពរ​ពោះគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ ដ្បិត​នាង​បាន​ពោល​ថា "ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង"។

6 ដូច្នេះ យើង​នឹង​ស្រាស់​ផ្លូវ​នាង ដោយ​បន្លា ហើយ​សង់​កំផែង​ទាស់​នឹង​នាង ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត។

7 នាង​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​គេ​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ ពេល​នោះ នាង​នឹង​ពោល​ថា "ខ្ញុំ​នឹង​វិល​ទៅ​រក​ប្តី​ដើម​ខ្ញុំ​វិញ ដ្បិត​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ"។

8 នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ដល់​នាង ហើយ​ក៏​បាន​ផ្ដល់​ប្រាក់ និង​មាស​ជា​ច្រើន​ដល់​នាង តែ​នាង​បែរ​ជា​យក​របស់​ទាំង​នោះ ទៅ​ថ្វាយ​ព្រះ​បាល​ទៅ​វិញ។

9 ដូច្នេះ យើង​នឹង​ដក​យក​ស្រូវ​របស់​យើង​នៅ​រដូវ​ចម្រូត យើង​នឹង​ដក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ យើង​ក៏​នឹង​ដក​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​យើង ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង​មក​វិញ​ដែរ។

10 ឥឡូវ​នេះ យើង​នឹង​បើក​កេរខ្មាស​របស់​នាង នៅ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​អ្នក​ណាអាច​ដោះ​នាង​ចេញ​ពី​ដៃ​យើង​បាន​ឡើយ។

11 យើង​នឹង​ធ្វើ​ឲ្យ​នាង​បាត់​បង់​សំណើច​ក្អាក​ក្អាយ ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ បុណ្យ​ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដែល​បាន​កំណត់​ទាំង​ប៉ុន្មាន​របស់​នាង។

12 យើង​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា "ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ"។ យើង​នឹង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ ហើយ​សត្វ​ព្រៃ​នឹង​ស៊ី​បង្ហិន​អស់។

13 យើង​នឹង​ដាក់​ទោស​នាង​សម្រាប់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​បាល គឺ​ពេល​ដែល​នាង​បាន​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លម្អ​ផ្សេងៗ​របស់​នាង ហើយ​រត់​តាម​គូ​ស្នេហ៍​របស់​នាង រួច​បំភ្លេច​យើង​ចោល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

14 ដោយ​ហេតុ​នោះ មើល៍ យើង​នឹង​ប្រលោម​នាង នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។

15 នៅ​ទី​នោះ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ របស់​នាងឲ្យ​នាង​វិញ ហើយ​ធ្វើ​ឲ្យ​ជ្រលង​ភ្នំ​អាកោរ ក្លាយ​ជា​ទ្វារ​នៃ​សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូចគ្រា​នៅ​ពី​ក្មេង គឺ​ដូច​គ្រា​ដែល​នាង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា "លោក​ប្តី" គឺ​នាង​នឹង​លែង​ហៅ​យើង​ថា "លោក​ម្ចាស់" ទៀត​ហើយ។

17 ដ្បិត​យើង​នឹង​ដក​ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ចេញ​ពី​មាត់​នាង គឺ​គេ​នឹង​លែង​នឹក​នា​ពី​ឈ្មោះ​ទាំង​នោះ​ទៀត។

18 នៅ​ថ្ងៃ​នោះ យើង​ក៏​នឹង​តាំង​សញ្ញា​មួយ​ឲ្យ​គេ ជា​មួយ​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​លើ​ដី។ យើង​នឹង​បំបាត់​ធ្នូ ដាវ និង​សង្គ្រាម​ចេញ​ពី​ស្រុក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត។

19 យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង​ជា​ដរាប​តរៀង​ទៅ គឺ​យើង​នឹង​ដណ្តឹង​នាង​សម្រាប់​យើង ដោយ​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា។

20 យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង ដោយ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​នាង​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា។

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ យើង​នឹង​ឆ្លើយ​តប គឺ​យើង​នឹង​ឆ្លើយ​តប​ដល់​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​ឆ្លើយ​តប​ដល់​ផែន‌ដី

22 ឯ​ផែន​ដី​នឹង​ឆ្លើយ​តប​ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង ហើយ​របស់​ទាំង​នោះ​នឹង​ឆ្លើយ​តប​ដល់​យេស‌រាល ។

23 យើង​នឹង​សាប‌ព្រោះ​ពូជ​គេ​នៅ​លើ​ផែន‌ដី​សម្រាប់​យើង យើង​នឹង​អាណិត​មេត្តា​ដល់​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ទៅ​ឡូ-អាំមី ថា "អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​យើង" រួច​គេ​នឹង​ពោល​ថា "ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល​បង្គំ"។

© 2016 United Bible Societies

Bible Society in Cambodia