ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 6

ពាក្យក្រើន​រំឭក​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ

1 កូន​អើយ ប្រសិន​បើ​ឯង បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង ប្រសិន​បើ​ឯងបាន​សន្យា​ជំនួស​អ្នក​ដទៃ

2 នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​ឯង​មក

3 នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ដ្បិត​ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​អ្នក​ជិត​ខាង​ឯង​ហើយ។ ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​ឯង​ភ្លាម ហើយ​អង្វរ​គេ​ជា​បន្ទាន់។

4 កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ។

5 ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​ជា​សត្វ​ហើរ ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។

6 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។

7 វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ

8 គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។

9 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់?

10 ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច

11 យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។

12 ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច

13 ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សម្គាល់ ដោយ​ជើង និង​ដៃ

14 ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។

15 ដូច្នេះ សេចក្ដី​អន្ត‌រាយ​របស់​វា និង​លោ​មក​ភ្លាម​មួយ​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។

16 មាន​ប្រាំមួយ​មុខ ដែល​ព្រះ‌យេហូវ៉ា​ស្អប់ មាន​ប្រាំពីរ​ផង ដែល​ព្រះ‌អង្គ​ខ្ពើម​ឆ្អើម

17 គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស

18 ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អា‌ក្រក់ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អា‌ក្រក់

19 និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។

20 កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ។

21 ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជា‌និច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង

22 កាល​ណា​ឯង​ដើរ បណ្ដាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ ដំបូន្មាន​នោះ​នឹង​និយាយ​រក​ឯង។

23 ដ្បិត​ពាក្យ​បណ្ដាំ​នោះ ជា​ចង្កៀង ហើយ​ដំបូ‌ន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ

24 ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់ គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។

25 កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់ ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ

26 ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។

27 តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ?

28 តើ​នឹង​ដើរ​លើ​រងើក​ភ្លើង ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ?

29 ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។

30 មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ។

31 តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា សង​មួយ​ជា​ប្រាំពីរ​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់ ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង។

32 ប៉ុន្តែ ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ។

33 អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់​យស និង​លុប​សេចក្ដី​ត្មះ‌តិះ​ដៀល ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ។

34 ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។

35 គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល តម្លៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនួន​ដល់​គេ​ជា​ច្រើន ក៏​ដោយ គង់​តែ​មិន​បាន​រម្ងាប់​ចិត្ត​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia