Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ទាក់​ទាញ​ដែល​នាំ​ឲ្យ​មាន​អំពើ​ផិត​ក្បត់

1 កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​ឪពុក ហើយ​ប្រមូល​អស់​ទាំង​បណ្ដាំ​របស់​ឪពុក ទុក​នៅ​នឹង​ឯង​ចុះ

2 ត្រូវ​រក្សា​បណ្ដាំ​ឪពុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​របស់​ឪពុក ដូច​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ

3 ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ឯង​ផង។

4 ចូរ​និយាយ​ទៅ​ប្រាជ្ញា​ថា «អ្នក​ជា​បង​ស្រី​របស់​ខ្ញុំ» ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់

5 ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ពី​ស្ត្រី​ផិត​ក្បត់​ដែល​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម។

6 ដ្បិត​ឪពុក​បាន​មើលតាម​បង្អួច ហើយ​តាមប្រឡោះ​វាំង​នន​ទៅ

7 ឪពុក​ឃើញ​ក្នុង​ចំណោម​មនុស្ស​ឆោត​ល្ងង់ ឪពុក​ពិចារណា​ក្នុង​ចំណោម​ពួក​កំលោះ មាន​ម្នាក់​ដែល​ឥត​ប្រាជ្ញា

8 កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​តម្រង់​ទៅ​ឯ​ផ្ទះ​នាង

9 គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រឹលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ

10 នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​ពេស្យា ហើយ​មាន​ចិត្ត​ពេញ​ដោយ​ឧបាយ។

11 នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់

12 ជួន​កាល​នាង​នៅ​ឯ​ផ្ទះ ជួន​កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង។

13 គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

14 «នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ

15 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ

16 ខ្ញុំ​បាន​ក្រាល​កម្រាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង

17 ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​សម្បុរ​ល្វែង។

18 ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ។

19 ដ្បិត​ប្តី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ

20 ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ថ្ងៃ​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ»។

21 គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង

22 វា​ក៏​ទៅ​តាម​នាងភ្លាម ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់ ឬ​ដូច​ជា​ប្រើស​ដែល​ដើរ​ទៅ​រក​អន្ទាក់

23 រហូត​ទាល់​តែ​មាន​ព្រួញ​មក​ទម្លុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​តម្រង់​ទៅ​ជាប់​លប់ ឥត​ដឹង​ថា​គេ​ចាប់​យក​ជីវិត​ខ្លួន​ទេ។

24 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ ដែល​ចេញ​ពី​មាត់​យើង​ចុះ។

25 កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ។

26 ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល ពួក​អ្នក​ដែល​វា​បាន​សម្លាប់ នោះ​មាន​សន្ធឹក​ណាស់។

27 ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំ​នៅ​របស់​សេចក្ដី​ស្លាប់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម