Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្តី

1 កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​យើង​ដែរ

2 ដើម្បី​ឲ្យ​ឯង​បាន​បម្រុង​ទុក​នូវ​គំនិត​វាង​វៃ ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​តម្រិះ។

3 ដ្បិត​បបូរ​មាត់​របស់​ស្រី​អាវ៉ាសែ រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​របស់​នាង​រអិល​ជាង​ប្រេង

4 ប៉ុន្តែ ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​ពីរ​វិញ។

5 ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្ដី​ស្លាប់ ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

6 អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​វា តែង​តែ​ប្រែ​ប្រួល ដើម្បី​មិន​ឲ្យ​ឯង​អាច​ស្គាល់​បាន ក្រែង​ឯង​ស្ទង់​មើល​ផ្លូវ​នៃ​ជីវិត​ឃើញ។

7 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ​ចុះ កុំ​ឲ្យ​ងាក​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ឡើយ។

8 ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ

9 ក្រែង​ឯង​ប្រគល់​កិត្តិ‌សព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ។

10 ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ

11 រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ

12 ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស

13 ហើយ​យើង​មិន​បាន​ស្តាប់​តាម សម្ដី​នៃ​គ្រូ​របស់​យើង ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក ដែល​រំឭក​យើង​ផង​ដែរ។

14 យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង អស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស និង​ក្រុម​ជំនុំ​ផង»។

15 ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ ពី​អណ្តូង​របស់​ខ្លួន​ចុះ។

16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ?

17 ត្រូវ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ ជា‌មួយ​ឯង​ផង​នោះ​ទេ។

18 សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ

19 ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់ របស់​នាង​ជា‌និច្ច​ផង។

20 ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ?

21 ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ។

22 អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អា‌ក្រក់ នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន។

23 អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ ដោយ​ឥត​មាន​អ្នក​ណា​នឹង​ប្រៀន​ប្រដៅ ក៏​នឹង​វង្វេង​ចេញ ដោយ​វក់​នឹង​ការ​ចម្កួត​របស់​ខ្លួន។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម