ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 21

1 ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។

3 ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។

4 ឫក​ខ្ពស់ និង​ចិត្ត​អំនួត គឺ​ជា​ចង្កៀង​ជា​របស់​មនុស្ស​អាក្រក់ នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។

5 គំនិត​របស់​មនុស្ស​ឧស្សាហ៍ នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម៉្យាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។

6 ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្ដាត​ភូត​ភរ នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

7 សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់ នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។

8 ផ្លូវ​របស់​មនុស្ស​ណាដែល​ផ្ទុក​ដោយ ទោស​ច្រើន នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។

9 ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង​វិញ។

10 ព្រលឹង​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ គុណ​អ្នក​នោះ​ដែរ។

11 កាល​មនុស្ស​ចំអក​មើល​ងាយ​ត្រូវ​ទោស​ហើយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង។ កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​គេ​កាន់​តែ​មាន​ចំណេះ​ថែម​ទៀត។

12 មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើល វង្ស​របស់​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។

13 អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់ ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។

14 អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រម្ងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់ ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។

15 ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។

16 មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម មនុស្ស​ស្លាប់​ហើយ។

17 ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

18 មនុស្ស​អាក្រក់​គេ​សម្រាប់​ជា​ថ្លៃ លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។

19 ស៊ូ​អា‌ស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា‌មួយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។

20 មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំ​នៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់។

21 អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។

22 ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។

23 អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្ដាត​ខ្លួន ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

24 ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល​ងាយ និង​សេចក្ដី​អំនួត​ទទេ។

25 បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស រមែង​សម្លាប់​ខ្លួន ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។

26 មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន ឥត​សំចៃ​ឡើយ។

27 យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​គួរ​ខ្ពើម​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

28 សាក្សី​ក្លែង​ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។

29 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ តែង​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ តែង​ពិចារណា​មើល ផ្លូវ​របស់​ខ្លួន។

30 គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។

31 គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

© 2016 United Bible Societies

Bible Society in Cambodia