ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 20

1 ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។

2 សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។

3 អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិ‌សព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ គេ​ចេះ​តែ​រក​រឿង​វិញ។

4 មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត ហើយ​ខ្វះ​ខាត​វិញ។

5 ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។

6 មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន?

7 មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

8 កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ ព្រះ‌អង្គ​កម្ចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។

9 តើ​អ្នក​ណា​អាច​និយាយ​បាន​ថា «ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ?»

10 កូន​ជញ្ជីង​ឆ​ផ្សេងៗ និង​រង្វាល់​កោង​ផ្សេងៗ ទាំង​ពីរ​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

11 សូម្បី​តែ​កូន​ក្មេង​ក៏​សម្ដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។

12 ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​ពីរ​យ៉ាង។

13 កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។

14 អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។

15 មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។

16 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​អ្នក​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា ជំនួស​អ្នក​ក្រៅ​ចុះ។

17 អាហារ​ដែល​មនុស្ស​ណា​បាន​ដោយ​ការ​កំភូត រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។

18 អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។

19 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

20 អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់ នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។

21 ឯ​មត៌ក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

22 កុំ​ឲ្យ​ថា «យើង​នឹង​សង‌សឹក» ចូរ​រង់​ចាំ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

23 កូន​ជញ្ជីង​ឆ​ផ្សេងៗ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​មិន​ល្អ​ដែរ។

24 ផ្លូវ​ដើរ​របស់​មនុស្ស ស្រេច​លើ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?

25 ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។

26 ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។

27 វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

28 សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​សប្បុ‌រស​ដែរ។

29 កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។

30 ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សម្អាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia