ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សុភា‌សិត 18

1 អ្នក​ណា​ដែល​គេច​ខ្លួន​ចេញ​ពី​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង អ្នក​នោះ​មាន​ចិត្ត​ទាស់​ប្រឆាំង នឹង​អស់​ទាំង​យោបល់​ដែល​ត្រឹម​ត្រូវ។

2 ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

3 កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ សេចក្ដី​មើល​ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្ដី​ត្មះ‌តិះ​ដៀល ក៏​រមែង​មក​ជា‌មួយ​សេចក្ដី​អាប់‌យស​ផង។

4 ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។

5 ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។

6 បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។

7 មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។

8 ពាក្យ​សម្ដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់ ដែល​បាន​ចូល​ទៅ​ក្នុង​ពោះ។

9 អ្នក​ណា​ដែល​ធ្វេស‌ប្រហែស​នឹង​ការ​របស់​ខ្លួន ឈ្មោះ​ថា​ជា​បង‌ប្អូន​ជា‌មួយ​អ្នក​ដែល​បំផ្លាញ។

10 ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

11 ឯ​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។

12 មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។

13 អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។

14 វិញ្ញាណ​របស់​មនុស្ស​ទប់‌ទល់​ខ្លួន ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​ទ្រាំ​បាន?

15 ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចម្រើន​ចំណេះ ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។

16 ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

17 អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សម្ដែង ឲ្យ​ឃើញ​កំហុស​វិញ។

18 ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់​ទែង​គ្នា​បាត់​ទៅ និង​ញែក​មនុស្ស​ដែល​មាន​អំណាច ចេញ​ពី​គ្នា​ដែរ។

19 បង‌ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។

20 មនុស្ស​បាន​ឆ្អែត​ពោះ​ដោយ​ផល​ពី​មាត់​ខ្លួន គឺ​បាន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​នៃ​បបូរ​មាត់។

21 ទោះ​ទាំង​សេចក្ដី​ស្លាប់ និង​ជីវិត ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្ដាត​នោះ​ឯង។

22 អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។

23 អ្នក​ក្រ​ពោល​ពាក្យ​អង្វរ តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។

24 អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។

© 2016 United Bible Societies

Bible Society in Cambodia