តម្លៃនៃការព្យាយាម1 ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ 2 ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ ហើយដល់ប្រាំបីនាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមាន ការអាក្រក់យ៉ាងណានៅផែនដីទេ 3 បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នឹងដេកនៅត្រង់កន្លែង ដែលបានដួលនោះ។ 4 អ្នកណាដែលសង្កេតមើលតែខ្យល់ នឹងមិនសាបព្រោះទេ ហើយអ្នកណា សង្កេតមើលពពក ក៏មិនច្រូតកាត់ឡើយ។ 5 ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។ 6 នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។ វ័យក្មេង និងវ័យចំណាស់7 ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួល។ 8 បើមនុស្សណារស់នៅបានយូរឆ្នាំ គួរមានអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ព្រោះនឹងមានច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។ 9 ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។ 10 ដូច្នេះ ចូរដកទុក្ខកង្វល់ចេញពីចិត្តឯងទៅ ហើយបណ្តេញការឈឺចាប់ឲ្យឆ្ងាយពីរូបកាយឯងដែរ ដ្បិតគ្រានៅកំលោះ និងវ័យក្មេងរមែងឥតប្រយោជន៍ទទេ។ |
© 2016 United Bible Societies
Bible Society in Cambodia