1 ទេវតាទីប្រាំផ្លុំត្រែរបស់ខ្លួនឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកលើផែនដី ហើយមានគេឲ្យកូនសោទីជម្រៅនៃជង្ហុកធំដល់ផ្កាយនោះ 2 ផ្កាយនោះក៏បើកទីជម្រៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីរណ្ដៅនោះមក។ 3 បន្ទាប់មក មានកណ្តូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាច ដូចជាអំណាចខ្យាដំរីដែលនៅផែនដីដែរ។ 4 មានគេបង្គាប់កណ្ដូបទាំងនោះ កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ គឺធ្វើទុក្ខតែអស់អ្នកណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសប៉ុណ្ណោះ។ 5 កណ្ដូបទាំងនោះបានទទួលអំណាច មិនមែននឹងសម្លាប់មនុស្សទេ គឺគ្រាន់តែធ្វើទុក្ខក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះ ប្រៀបដូចជាខ្យាដំរីធ្វើទុក្ខ ពេលដែលវាទិចមនុស្សដែរ។ 6 នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។ 7 កណ្តូបទាំងនោះមានរាងដូចសេះ ដែលរៀបនឹងចូលច្បាំង នៅលើក្បាលវាមើលទៅមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខវាដូចមុខមនុស្ស 8 សក់វាដូចជាសក់ស្ត្រី ហើយធ្មេញវាដូចធ្មេញសត្វសិង្ហ។ 9 វាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយសូរស្លាបវា ឮដូចសូររទេះចម្បាំង ដែលទឹមដោយសេះជាច្រើន បោលទៅច្បាំង។ 10 វាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់វា មានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។ 11 កណ្ដូបទាំងនោះមានស្តេចត្រួតលើវា គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះថា «អាបាដូន» ហើយភាសាក្រិកហៅថា «អាប៉ុលីយ៉ូន»។ 12 សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍! នៅមានសេចក្ដីវេទនាពីរទៀតកើតមកតាមក្រោយ។ 13 ទេវតាទីប្រាំមួយផ្លុំត្រែរបស់ខ្លួនឡើង ខ្ញុំក៏ឮសំឡេងមួយ ចេញពីស្នែងទាំងបួនរបស់អាសនាមាស ដែលនៅចំពោះព្រះ។ 14 សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។ 15 ពេលនោះ ទេវតាទាំងបួន ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ ថ្ងៃ ខែ និងឆ្នាំ ក៏ត្រូវបានដោះលែង ដើម្បីឲ្យសម្លាប់មនុស្សមួយភាគបីចោល។ 16 ចំនួនពលសេះ មានពីររយលាននាក់ ដ្បិតខ្ញុំបានឮចំនួនពលទ័ពទាំងនោះ។ 17 នៅក្នុងនិមិត្តនេះ ខ្ញុំឃើញសេះទាំងនោះ និងអស់អ្នកដែលជិះលើវា គេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ស្វាយខ្ចី និងពណ៌ស្ពាន់ធ័រ ឯក្បាលសេះទាំងនោះដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមក។ 18 មនុស្សលោកមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់សេះទាំងនោះ។ 19 ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងនៅក្នុងកន្ទុយរបស់វា ដ្បិតកន្ទុយរបស់វាដូចជាពស់ដែលមានក្បាល ហើយវាធ្វើទុក្ខដោយសារកន្ទុយនោះ។ 20 រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។ 21 ពួកគេក៏មិនបានប្រែចិត្តពីការកាប់សម្លាប់ អំពើមន្តអាគម អំពើសហាយស្មន់ និងអំពើលួចប្លន់ ដែលគេប្រព្រឹត្តនោះសោះ។ |
© 2016 United Bible Societies
Bible Society in Cambodia