ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លេវី‌វិន័យ 5

1 «បើ​អ្នក​ណា​បាន​ធ្វើ​បាប ដោយ​ឮ​អ្នក​ដែល​បាន​ស្បថ​បំពាន ដែល​អ្នក​ជា​សាក្សី​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ ឬ​បាន​ឮ អ្នក​នោះ​ត្រូវ​ទទួល​ទោស ។

2 ឬ​បើ​អ្នក​ណា​ប៉ះ‌ពាល់​របស់​ស្មោក‌គ្រោក​ណា​មួយ ជា​ខ្មោច​សត្វ​ដែល​មិន​ស្អាត ទោះ​បើ​ជា​សត្វ​ព្រៃ សត្វ​ស្រុក ឬ​សត្វ​លូន‌វារ ដោយ​មិន​បាន​ដឹង ហើយ​ខ្លួន​ក៏​បាន​ទៅ​ជា​មិន​ស្អាត​ដែរ នោះ​ឈ្មោះ​ថា​មាន​ទោស​ហើយ

3 ឬ​បើ​បាន​ប៉ះ‌ពាល់​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ទោះ​បើ​ជា​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​បាន ដោយ​ឥត​ដឹង​ខ្លួន បើ​កាល​ណា​ដឹង​វិញ នោះ​មាន​ទោស​ហើយ

4 ឬ​បើ​អ្នក​ណា​ស្បថ​លេង​ថា នឹង​ប្រព្រឹត្ត​ការ​អាក្រក់ ឬ​ល្អ​ក្តី ទោះ​បើ​សេចក្ដី​អ្វី​ក៏​ដោយ ដែល​មនុស្ស​នឹង​ស្បថ ដោយ​ឥត​បើ​គិត ហើយ​មិន​បាន​ដឹង​ខ្លួន​សោះ បើ​កាល​ណា​ដឹង​វិញ នោះ​នឹង​មាន​ទោស​ក្នុង​បទ​ណា​មួយ​នោះ​ជា​មិន​ខាន

5 ដូច្នេះ បើ​អ្នក​ណា​មាន​ទោស​ក្នុង​បទ​ណា​មួយ​យ៉ាង​នោះ ត្រូវ​ឲ្យ​លន់‌តួ​ចំពោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ចុះ

6 ហើយ​ត្រូវ​នាំ​យក​តង្វាយ ដែល​សម្រាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​មួយ​ពី​ហ្វូង​ចៀម ឬ​ពពែ សម្រាប់​ជា​តង្វាយ​លោះ​បាប រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។

7 ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​សម្រាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត។

8 ត្រូវ​យក​សត្វ​នោះ​ទៅ​ជូន​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​មួយ ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប ជា​មុន​ដំបូង ដោយ​ក្តិច​បណ្ដាច់​ក្បាល​ចេញ​ពី​ក តែ​មិន​ត្រូវ​ពុះ​ជា​ពីរ​ឡើយ

9 រួច​ប្រោះ​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​នៅ​ចំហៀង​អាសនា ហើយ​ត្រូវ​សម្រក់​ឈាម​ដែល​សល់​ទាំង​ប៉ុន្មាន​នៅ​ជើង​អាសនា​វិញ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។

10 ឯ​សត្វ​ទី​ពីរ នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​តាម​ទម្លាប់ ដូច្នេះ សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។

11 បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង មក​ទុក​ជា​តង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​តង្វាយ​សម្រាប់​លោះ​បាប

12 ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទៅ​ជូន​សង្ឃ ហើយ​សង្ឃ​ត្រូវ​យក​មួយ​ក្តាប់ ទុក​ជា​ទី​រំឭក​ទៅ​ដុត​លើ​អាសនា តាម​របៀប​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។

13 សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សម្រាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​តង្វាយ​ម្សៅ​ដែរ»។

តង្វាយ​សម្រាប់​លោះ​បាប

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

15 «បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​តង្វាយ​ដែល​សម្រាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង។

16 ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។

17 បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន

18 ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។

19 នេះ​ហើយ​ជា​តង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ»។

© 2016 United Bible Societies

Bible Society in Cambodia