លេវីវិន័យ 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង 3 ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ 4 បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ 5 និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែមមួយភាគប្រាំ ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោសដូច្នោះ។ 6 ត្រូវយកតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សម្រាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាតង្វាយដោយព្រោះការរំលង។ 7 បន្ទាប់មក សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ»។ ព្រះបន្ទូលស្តីពីការថ្វាយតង្វាយដុត 8 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 9 «ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។ 10 សង្ឃត្រូវពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផេះដែលភ្លើងបានឆេះតង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន។ 11 រួចដោះសម្លៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ផ្សេងទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកនែ្លងស្អាត។ 12 ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកសង្ឃត្រូវដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង។ 13 ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។ 14 នេះជារបៀបថ្វាយតង្វាយម្សៅ គឺពួកកូនលោកអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ។ 15 ត្រូវយកម្សៅយ៉ាងម៉ដ្តមួយក្តាប់ជាមួយប្រេងខ្លះ និងកំញានដែលនៅលើតង្វាយម្សៅនោះដុតទាំងអស់ សម្រាប់ជាក្លិនឈ្ងុយនៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា។ 16 ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានត្រសាលជំនុំ។ 17 មិនត្រូវចម្អិនម្សៅនោះ ដោយលាយនឹងដំបែឡើយ យើងបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយយើង នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។ 18 អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។ 19 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 20 «នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្តមួយខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្ដាលក្នុងពេលព្រឹក ហើយពាក់កណ្ដាលក្នុងពេលល្ងាច។ 21 ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព ត្រូវលាយឲ្យសព្វ ជាតង្វាយម្សៅដែលបានចម្អិនជាដុំៗ ហើយត្រូវថ្វាយទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 22 ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះហើយដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះត្រូវដុតទៅទាំងអស់។ 23 គ្រប់ទាំងតង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវបរិភោគឡើយ»។ 24 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 25 «ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។ 26 សង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានត្រសាលជំនុំ។ 27 អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមតង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះនៅត្រង់កន្លែងបរិសុទ្ធ។ 28 ប៉ុន្តែ ថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញ។ 29 ប្រុសៗទាំងអស់ក្នុងចំណោមពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត។ 30 ប៉ុន្តែ តង្វាយលោះបាបដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតក្នុងភ្លើង ។ |
© 2016 United Bible Societies
Bible Society in Cambodia