ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូអែល 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូអែល 1

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។

ការ​ទួញ​សោក​នឹង​ការ​ដែល​ស្រុក​ទេស​វិនាស​ហិន‌ហោច

2 ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់សេចក្ដី​នេះ ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុ‌ការណ៍​បែប​នេះ​ដែល​កើត​មាន ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​ដូន​តា​អ្នក​រាល់​គ្នា​ឬ?

3 ចូរ​ប្រាប់​ហេតុ‌ការណ៍​នេះ​ដល់​កូន​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ជំនាន់​ក្រោយៗ​ត​ទៅ​ទៀត។

4 អ្វី​ៗ​ដែល​នៅ​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី អ្វី​ៗ​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វីៗ​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។

5 ម្នាល​ពួក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ ព្រោះ​តែ​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម​នោះ​ទៅ ដ្បិត​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ។

6 ដ្បិត​សាសន៍​មួយ​បាន​ឡើង​មក ទាស់​នឹង​ស្រុក​របស់​យើង ជា​សាសន៍​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា វា​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ ក៏​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

7 វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង វា​ហែក​សម្បក ហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។

8 ចូរ​ទួញ​សោក ដូច​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ យំ​កាន់​ទុក្ខ​នឹង​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9 ឯ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេនាំ​គ្នា​យំ​សោក។

10 ស្រែ​ចម្ការ​ត្រូវ​ខូច‌បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ហើយ​ស្រា​ទំពាំង‌បាយ​ជូរ​ថ្មី​ក៏​រីង​ហួត ឯ​ប្រេង​ក៏​ខះ​ទៅដែរ។

11 ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រ​ងាក​ចិត្ត​ទៅ ឱ​ពួក​អ្នក​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ​សាលី និង​ស្រូវ​ឱក ដ្បិត​ចម្រូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ។

12 ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម ដើម​ល្វា​រោយ‌រៀវ ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅ អើ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។

ការ​ហៅ​ឲ្យ​ប្រែ​ចិត្ត ហើយ​អធិស្ឋាន

13 ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។

14 ចូរ​ញែក​ពិធី​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ទៅ។

15 វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។

16 តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ?

17 គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេ ហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់ ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។

18 អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះ អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។

20 សូម្បី​តែ​សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន ក៏​ដង្ហក់​រក​ព្រះ‌អង្គ​ដែរ ព្រោះ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ទៅ ហើយ​ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ នៅ​ទី​រហោ‌ស្ថាន​អស់​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia