ទឹកដីរបស់កុលសម្ព័ន្ធឯទៀតៗ1 បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។ 2 ប៉ុន្ដែ ក្នុងចំណោមពួកកូនចៅអ៊ីស្រាអែល នៅមានកុលសម្ព័ន្ធប្រាំពីរ ដែលមិនទាន់បានទទួលចំណែកមត៌កនៅឡើយ។ 3 ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នាអែអង់ដល់កាលណាទៀត ទើបទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានប្រទានឲ្យ? 4 ក្នុងកុលសម្ព័ន្ធនីមួយៗ ចូររើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុកនោះ។ គេត្រូវសរសេរអំពីស្ថានភាពស្រុកនោះ តាមចំណែកមត៌ករបស់គេ រួចត្រឡប់មកជួបខ្ញុំវិញ។ 5 គេត្រូវចែកទឹកដីនោះជាប្រាំពីរចំណែក គឺពួកយូដាត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងជើង។ 6 ត្រូវសរសេរអំពីស្ថានភាពស្រុកនោះ ជាប្រាំពីរចំណែក ហើយយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកអ្នករាល់គ្នានៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង។ 7 ប៉ុន្ដែ ពួកលេវីគ្មានចំណែកក្នុងចំណោមអ្នករាល់គ្នាទេ ដ្បិតការងារជាសង្ឃរបស់ព្រះយេហូវ៉ា ជាមត៌ករបស់គេ។ ឯពួកកាដ ពួករូបេន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានទទួលមត៌ករបស់ខ្លួន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើត»។ 8 ដូច្នេះ បុរសទាំងនោះក៏រៀបចំខ្លួនចេញដំណើរ ហើយលោកយ៉ូស្វេផ្ដាំអស់អ្នកដែលទៅនោះឲ្យសរសេរអំពីស្ថានភាពស្រុកនោះ ដោយបង្គាប់ថា៖ «ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរអំពីស្ថានភាពស្រុកនោះ រួចត្រឡប់មកជួបខ្ញុំវិញ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា»។ 9 ដូច្នេះ បុរសទាំងនោះក៏ចេញទៅ ហើយដើរចុះឡើងក្នុងស្រុក រួចកត់ត្រាក្នុងសៀវភៅមួយអំពីស្ថានភាពក្រុងនានាក្នុងស្រុកនោះ ជាប្រាំពីរចំណែក ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំត្រង់ស៊ីឡូរវិញ 10 លោកយ៉ូស្វេក៏ចាប់ឆ្នោតឲ្យពួកគេនៅស៊ីឡូរ នៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ លោកយ៉ូស្វេចែកទឹកដីឲ្យពួកកូនចៅអ៊ីស្រាអែលដល់កុលសម្ព័ន្ធនីមួយៗ តាមចំណែករៀងៗខ្លួន។ ទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន11 ឆ្នោតដំបូងត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ហើយទឹកដីរបស់គេ ស្ថិតនៅចន្លោះទឹកដីរបស់ពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប។ 12 ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងទៅជម្រាលខាងជើងក្រុងយេរីខូរ រួចបន្តទៅខាងលិច តាមស្រុកភ្នំ ហើយផុតត្រង់ទីរហោស្ថានបេត-អាវេន។ 13 បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។ 14 ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។ 15 ឯព្រំប្រទល់ខាងត្បូង ចាប់ផ្ដើមត្រង់ជាយក្រុងគារយ៉ាត់-យារីម ទៅដល់អេប្រុន រហូតដល់ក្បាលទឹកណែបត្វា។ 16 បន្ទាប់មក ព្រំប្រទល់ចុះទៅដល់ចុងភ្នំ ដែលនៅទល់មុខជ្រលងភ្នំបេន-ហ៊ីនណម នៅខាងជើងនៃជ្រលងភ្នំរេផែម ហើយចុះទៅដល់ជ្រលងភ្នំហ៊ីនណម ត្រង់ជម្រាលខាងត្បូងក្រុងយេប៊ូស ចុះទៅអេន-រ៉ូកេល។ 17 បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន 18 ហើយកាត់តាមជម្រាលខាងជើងបេត-អារ៉ាបា រួចចុះទៅដល់អារ៉ាបា។ 19 ព្រំប្រទល់នោះបន្តតាមជម្រាលខាងជើងបេត-ហុកឡា មកផុតត្រឹមឈូងសមុទ្រស្លាប់ ខាងជើង ត្រង់ចុងខាងត្បូងទន្លេយ័រដាន់។ នេះហើយជាព្រំប្រទល់ខាងត្បូង។ 20 ឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ព្រមទាំងព្រំប្រទល់ដែលនៅជុំវិញ។ 21 រីឯក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ គឺយេរីខូរ បេត-ហុកឡា អេមាក់-កេសីស 22 បេត-អារ៉ាបា សេម៉ារែម បេត-អែល 23 អាវីម ប៉ារ៉ា អូប្រា 24 កេផា-អាំម៉ូនី អូបនី និងកេបា ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 25 ក្រុងគីបៀន រ៉ាម៉ា ប្អៀរ៉ុត 26 មីសប៉ា កេភីរ៉ា ម៉ូសា 27 រេគេម យារពាល តារ៉ាឡា 28 សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។ |
© 2016 United Bible Societies
Bible Society in Cambodia