ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូស្វេ 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូស្វេ 15

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា

1 ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​អេដុម ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។

2 ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ ចាប់​តាំង​ពី​ចុង​សមុទ្រស្លាប់ គឺ​ចាប់​ពី​ឈូង​សមុទ្រ​ដែល​បែរ​ទៅទិស​ខាង​ត្បូង

3 គឺ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ឡើង​តាម​ជ្រលង​ភ្នំ​អាក្រា‌ប៊ីម​ទៅ​ដល់​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា តម្រង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅដល់​អាដារ រួច​បត់​មក​ដល់​ការកា

4 ទៅ​ដល់​អាសម៉ូន រួច​ចេញ​ទៅ​តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា។

5 ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​សមុទ្រស្លាប់ រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​ពី​ឈូង​សមុទ្រ ដែល​នៅខាង​ចុង​ទន្លេ​យ័រដាន់

6 ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អារ៉ា‌បា រួច​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​របស់​បូហាន ជា​កូន​រូបេន។

7 ព្រំ​ប្រទល់​នេះ​ចាប់​ពី​ជ្រលង​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ទិស​ខាង​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​អាឌូ‌មីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ព្រំ​ប្រទល់​នេះ​កាត់​តាម​ក្បាល​ទឹក​អេន-សេ‌មែស មក​ផុត​ត្រឹម​អេន-រ៉ូកេល

8 រួច​ចាប់​ពី​ទី​នោះ ឡើង​តាម​ជ្រលង​ភ្នំ​បេន-ហ៊ីន‌ណម ខាង​ត្បូង​ក្រុង​យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​ជ្រលង​ភ្នំ​ហ៊ីន‌ណម នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។

9 បន្ទាប់​មក ព្រំ​ប្រទល់​លាត​សន្ទឹង​ចាប់​ពី​កំពូល​ភ្នំ​នោះ ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ហើយ​ពី​ទី​នោះ​ទៅ​ដល់​ក្រុងនានានៃ​ភ្នំ​អេប្រុន រួច​បត់​តាម​បាឡា (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម)។

10 ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា

11 ចាប់​ពី​ទី​នោះ ទៅ​ដល់​ជម្រាល​ខាង​ជើងភ្នំ​អេក្រុន រួច​បត់​ទៅ​ស៊ីក្រុន ហើយ​កាត់​តាម​ភ្នំ​បាឡា រហូត​ដល់​យ៉ាប‌នាល រួច​ផុត​ត្រឹម​សមុទ្រ។

12 ឯ​ព្រំ​ប្រទល់​ខាង​លិច គឺ​សមុទ្រ​ធំ និង​ឆ្នេរសមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា តាមពូជ​អំបូរ​របស់​គេ។

លោក​កាលែប​កាន់​កាប់​ក្រុង​ហេប្រុន

13 លោក​យ៉ូស្វេ​បាន​ចែក​ឲ្យ​លោក​កាលែប ជា​កូន​លោក​យេភូនេ មាន​មួយ​ចំណែក​ជា​មួយ​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (អើបា​ជា​ឪពុក​អ័ណាក់)

14 លោក​កាលែប​បាន​បណ្តេញ​កូន​របស់​អ័ណាក់ទាំង​បី​ចេញ គឺ​សេសាយ​អ័ហ៊ី‌ម៉ាន និង​តាល‌ម៉ាយ ដែល​ជា​ពូជ​ពង្ស​របស់​អ័ណាក់។

15 លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ ពី​ដើម​មាន​ឈ្មោះ​ថា គារយ៉ាត់-សេភើរ។

16 លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត់-សេភើរ​បាន ខ្ញុំ​នឹង​លើក​អាកសា កូន​ស្រីរបស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

17 ដូច្នេះ អូធ្នាល​ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូនលោក​កាលែប ក៏​វាយ​យក​បាន ហើយ​លោក​កាលែប​ក៏​លើក​នាង​អាកសា កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។

18 កាល​នាង​បាន​មក​ដល់​គាត់ នាង​ក៏​បបួល​គាត់​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរនាង​ថា៖ «តើ​កូន​ចង់​បាន​អ្វី?»។

19 នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​ចែក​ឲ្យ​កូន​មួយ​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​កូន​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ សូម​ឲ្យ​កូន​មាន​ក្បាល​ទឹក​ដែរ»។ លោក​កាលែប​ក៏​ចែក​ក្បាល​ទឹក​ខាង​លើ និង​ខាង​ក្រោម​ឲ្យ​នាង។

ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​យូដា

20 នេះ​ជា​មត៌ក​របស់​កុល​សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ។

21 ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ប្រទល់ស្រុក​អេដុម​មាន កាប‌សៀល អេឌើរ យ៉ាគើរ

22 គីណា ឌីម៉ូ‌ណា អាដាដា

23 កេដេស ហាសោរ អ៊ីថ្នាន

24 ស៊ីភ ថេលែម ប្អាឡូត

25 ហាសោរ-ហាដា‌ថា កេរីយ៉ុត-ហេស្រុន (គឺ​ជា​ក្រុង​ហាសោរ)

26 អាម៉ាម សេម៉ា ម៉ូឡាដា

27 ហាសា-កាដា ហែស‌ម៉ូន បេត-ផា‌លែត

28 ហាសា-ស៊ូអាល ប្អៀរ-សេបា ប៊ីស‌យ៉ុត‌យ៉ា

29 បាឡា អ៊ីយីម អាសែម

30 អែល‌ថូឡាត កេសៀល ហោម៉ា

31 ស៊ីក‌ឡាក់ ម៉ាដ‌ម៉ា‌ណា សាន‌សា‌ណា

32 ល្បាអូត ស៊ីល‌ហ៊ីម អាយីន និង​រីម៉ូន រួម​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

33 ឯ​តំបន់​វាល​ទំនាប​មាន ក្រុង​អែសថោល សូរ៉ាស់ អាសណា

34 សាណូអា អេន-កានីម តាពួរ អេណាម

35 យ៉ារមុត អាឌូឡាម សូគរ អា‌សេ‌កា

36 ស្អារ៉ែម អាឌីថែម កេដេរ៉ា និង​ក្តេរ៉ូ‌ថែម រួម​ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

37 ក្រុង​សេណាន ហា‌ដា‌សា មិក‌ដាល-កាដ

38 ឌីលាន មីស‌ប៉ា យ៉ុក‌ធាល

39 ឡាគីស បូសកាត់ អេក្លុន

40 កាបូន ឡាម៉ាស គីត‌លីស

41 កេដេ‌រ៉ូត បេត-ដាកុន ណាអា‌ម៉ា និង​ម៉ាកេដា ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

42 ក្រុង​លិប‌ណា អេធើរ អាសាន

43 យីបថា អាស‌ណា នេស៊ីប

44 កៃឡា អាក់ស៊ីប និង​ម៉ារីសា ទាំង​អស់​មានប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

45 ក្រុង​អេក្រុន ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ

46 ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាស‌ដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន រហូត​ដល់​សមុទ្រ។

47 ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។

48 រី​ឯ​នៅ​ស្រុក​ភ្នំ​មាន ក្រុង​សាមារ យ៉ាទារ សូគរ

49 ដាណា គារ‌យ៉ាត់-សា‌ណា (គឺ​ជា​ក្រុង​ដេបៀរ)

50 អាណាប អែស‌ធេម៉ូរ អានីម

51 កូសែន ហូឡូន និង​គីឡោ ទាំង​អស់​មាន​ដប់មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

52 ក្រុង​អារ៉ាប ឌូម៉ា អែស‌អៀន

53 យ៉ានិម បេត-តាពួរ អាផែកា

54 ហិមតា គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) និង​ស៊ីអោរ ទាំង​អស់​មាន​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

55 ក្រុង​ម៉ាអូន កើមែល ស៊ីភ យូថា

56 យេស‌រាល យ៉ុកឌាម សាណូអា

57 កាអ៊ីន គី‌បៀរ និង​ធីម‌ណា ទាំង​អស់​មានដប់​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

58 ក្រុង​ហោល‌ហ៊ុល បេត-ស៊ើរ កេដោរ

59 ម្អារ៉ាត បេត-អាណូត និង​អែល‌ទិកុន ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

60 ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

61 ឯ​ខាង​ទី​រហោ‌ស្ថាន​មាន ក្រុង​បេត-អារ៉ា‌បា មីឌីន សេ‌កា‌កា

62 នីបសាន អៀ-ហា‌មេឡាក់ និង​អេន-កេឌី ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

63 ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។

© 2016 United Bible Societies

Bible Society in Cambodia