យ៉ូស្វេ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអិម 1 ទឹកដីដែលជាចំណែករបស់ពួកកូនចៅយ៉ូសែប ចាប់តាំងពីទន្លេយ័រដាន់ ជិតក្រុងយេរីខូរ គឺខាងកើតអណ្ដូងទឹកក្រុងយេរីខូរ កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំ រហូតដល់ក្រុងបេត-អែល។ 2 បន្ទាប់មក ចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត។ 3 ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។ 4 នេះហើយជាទឹកដីដែលពួកកូនចៅយ៉ូសែប គឺពួកម៉ាណាសេ និងពួកអេប្រាអិម បានទទួលជាមត៌ក។ 5 ព្រំប្រទល់ទឹកដីរបស់ពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ មានដូចតទៅ៖ ខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ 6 ហើយពីទីនោះទៅដល់សមុទ្រ។ ខាងជើងគឺក្រុងមីកមេថា ហើយនៅខាងកើត បត់ឆ្ពោះទៅក្រុងតាអាណាត-ស៊ីឡូរ រួចកាត់តាមស្រុកនោះ ឆ្ពោះទៅខាងកើតក្រុងយ៉ាណូហា 7 រួចពីយ៉ាណូហា ចុះទៅដល់ក្រុងអាថារ៉ូត និងណាអារ៉ា រហូតដល់ក្រុងយេរីខូរ ផុតត្រឹមទន្លេយ័រដាន់។ 8 ពីក្រុងតាពួរ ព្រំប្រទល់នោះឆ្ពោះទៅខាងលិច ទៅដល់ស្ទឹងខាណា ហើយផុតត្រឹមសមុទ្រ។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ 9 រាប់ទាំងក្រុង ព្រមទាំងភូមិនានា នៅក្នុងមត៌ករបស់ពួកកូនចៅម៉ាណាសេ ដែលញែកសម្រាប់ពួកកូនចៅអេប្រាអិម។ 10 ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។ |
© 2016 United Bible Societies
Bible Society in Cambodia