ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 40

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលទៅ​កាន់ លោក​យ៉ូប​ទៀត​ថា៖

2 «ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។

លោក​យ៉ូប​ឆ្លើយ​តបនឹង​ព្រះ

3 លោក​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖

4 «មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។

5 ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ បាន​និយាយ​ពីរ​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ»។

ព្រះ​រក​រឿង​លោក​យ៉ូប

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​លោក​យ៉ូប​ថា៖

7 «ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​យើង។

8 តើ​ឯង​ចង់​លុប‌លាង ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ? តើ​ឯង​នឹង​កាត់​ទោស​យើង ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ?

9 តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ?

10 ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។

11 ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់​ចុះ។

12 ចូរ​មើល​ទៅ​គ្រប់​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង ដែល​គេ​ឈរ​តែ​ម្តង។

13 ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​ឃ្លុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​ក្នុង​ផ្នូរ។

14 នោះ​យើង​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

15 មើល៍! ដំរី​ទឹក​ដែល​យើង​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ

16 មើល៍! កម្លាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្ដី​ប្រឹង‌ប្រែង​របស់​វា នៅ​ត្រង់​សរសៃ​ពោះ។

17 វា​បក់​កន្ទុយ ដូច​ជា​ដើម​តា‌ត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា ព័ន្ធ​ពាក់​លើ​គ្នា។

18 ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចម្រឹង​ដែក។

19 វា​ជា​កិច្ច‌ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម

20 ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា។

21 វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ហើយ​លាក់​ខ្លួន​ក្នុង​ព្រៃ​ត្រែង។

22 ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំ‌វិញ។

23 មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ។ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់ ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។

24 តើ​នឹង​ចាប់​បាន​ក្នុង​កាល ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ?

© 2016 United Bible Societies

Bible Society in Cambodia