ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 4

ប្រសាសន៍​របស់​លោក​អេលី‌ផាស៖ លោក​យ៉ូប​បាន​ធ្វើ​បាប

1 អេលី‌ផាស ជា​សាសន៍​ថេម៉ាន បាន​ឆ្លើយ​តប​ថា៖

2 «ប្រសិន‌បើ​យើង​ឆ្លើយ​តប​នឹង​អ្នក តើ​អ្នក​អន់​ចិត្ត​ឬ​ទេ? ប៉ុន្តែ តើ​អ្នក​ណា​ទ្រាំ​មិន​និយាយ​បាន?

3 មើល៍! អ្នក​បាន​ទូន្មាន​ប្រដៅ ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កម្លាំង​ឡើង

4 ពាក្យ​សម្ដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដល់​ជង្គង់​ខ្សោយ។

5 តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​បែរជា​ស្រយុត​ចុះ។

6 អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ នោះ​ហើយ​ជា​ទី​អាង​របស់​អ្នក ហើយ​អ្នក​ដែលប្រព្រឹត្ត​ទៀង​ត្រង់ នោះ​ហើយ​ជា​ទី​សង្ឃឹមរបស់​អ្នក។

7 ចូរ​អ្នកពិចារណា​ចុះ តើ​អ្នក​ឥត​ទោស​ដែល​វិនាស​ឬ? តើ​មាន​កន្លែង​ណា​ដែល​មនុស្ស​ទៀង​ត្រង់ ត្រូវ​កាត់​ចេញ​នោះ?

8 តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក ដែល​ភ្ជួរ​បំផុល​អំពើ​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​វិញ។

9 គេ​ត្រូវ​វិនាស​ទៅ ដោយ​ខ្យល់​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​បញ្ឆេះ​គេ​អស់។

10 ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់។

11 សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​សិង្ហ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។

12 រីឯ​មាន​សេចក្ដី​មួយ​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សម្ងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ។

13 នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្ដាល​ឲ្យ​គំនិត​កម្រើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស កំពុង​ដេក​លក់​ស៊ប់

14 នោះ​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង។

15 មាន​វិញ្ញាណ​មួយ​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង

16 វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សម្គាល់​ថា មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​ពោល​មក​ថា

17 "តើ​មនុស្ស​ដែល​តែង‌តែ​ស្លាប់ នឹង​បាន​សុចរិត​នៅ​ចំពោះ ព្រះ​ឬ? តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក​ឬ?

18 សូម្បី​តែ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទុក​ចិត្ត​មិន​បាន ហើយ​ពួក​ទេវតា​របស់​ព្រះ‌អង្គ ក៏​ព្រះ‌អង្គ​ប្រកាន់​ថា​មាន​កំហុស​ដែរ

19 តើ​នឹង​ទៅ​ជា​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ។

20 នៅ​រវាងពេល​ព្រឹក​នឹង​ល្ងាច នោះ​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ។

21 ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង"។

© 2016 United Bible Societies

Bible Society in Cambodia