ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 2

ព្រះ​តវ៉ា​ជា‌មួយ​ពួក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត

1 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

2 «ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ

3 គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។

4 ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​មាន អំពើ​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​យើង បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​យើង​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង

6 គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?

7 យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មត៌ក​របស់​យើង បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ។

8 ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា៖ តើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ឯ​ណា? គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​យើង​ទេ ពួក​គ្រប់‌គ្រង បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។

9 ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​ទៀត ព្រម​ទាំងកូន​ចៅ​របស់​អ្នក​តទៅ​ដែរ

10 ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។

11 តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។

12 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ

13 ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។

14 តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បម្រើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ? ហេតុ​អ្វី​បាន​ជា​ត្រូវ​រឹប​យក​ដូច្នេះ?

15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។

16 ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ

17 តើ​អ្នក​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​អ្នក​ទេ​ឬ? ដោយ​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក ក្នុង​កាល​ដែល​ព្រះ‌អង្គ កំពុង​តែ​នាំ​អ្នក​តាម​ផ្លូវ​នោះ

18 ចុះ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ?

19 អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

20 តាំង​ពី​យូរ​មក​ហើយ អ្នក​បាន​បំបាក់​នឹមរបស់ខ្លួន ហើយ​បាន​ផ្តាច់​ចំណង​អ្នក​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​អ្នក​បាន​ផិត​ក្បត់​នឹង​យើង។

21 យើង​បាន​ផ្សាំ​អ្នក​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ម្តេចបាន​ជា​អ្នក​ក្លាយ​ទៅ​ជា ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​យើង​ដូច្នេះ?

22 ទោះ​បើ​អ្នក​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ អំពើ​ទុច្ចរិត​របស់​អ្នក នៅ​មាន​កត់​ជាប់ ចំពោះ​យើង​នៅ​ឡើយ​ដែរ។

23 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​ថា អ្នក​មិន​សៅ‌ហ្មង ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ។ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​អ្នក​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​អ្នក​បាន​ធ្វើ​នោះ​ចុះ អ្នក​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា។

24 ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សម្រើប លុះ​ដល់​រដូវ​កំណត់​របស់​វា តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន? អ្នក​ណា​ដែល​រក​ចាប់​វា មិន​បាច់​នឿយ​ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នឹង​បាន​ប្រទះ​ហើយ។

25 កុំ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​អ្នក​បាន​តប​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​នឹង​រត់​ទៅ​តាម​គេ​វិញ។

26 ឯ​ចោរ​ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្ដី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មាន​សេចក្ដី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ​ផង

27 ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​យើង មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែ ដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​យើង​ថា សូម​ព្រះ‌អង្គ​ក្រោក​ឡើង ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង។

28 ឯ​ព្រះ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ខ្លួន តើ​នៅ​ឯ​ណា? ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​អ្នក​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក ក្នុង​គ្រា​ដែល​អ្នក​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន។ ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​អ្នក​ដែរ។

29 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ត​នឹង​យើង​ដូច្នេះ? អ្នក​រាល់​គ្នា​បាន​រំលង​ចំពោះ​យើង​ហើយ

30 ការ​ដែល​យើង​បាន​វាយ​ផ្ចាល​ពួក​កូន​ចៅ​អ្នក នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង​ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​អ្នក​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​អ្នក ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ។

31 ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?

32 តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ​ទេ? តើ​ប្រពន្ធ​ថ្មោង​ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន សម្រាប់​រៀប‌ការ​ឬ​ទេ? ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង បាន​ភ្លេច​យើង​ជា​យូរ​ថ្ងៃ​ហើយ នឹង​រាប់​មិន​បាន​ឡើយ។

33 អ្នក​ប្រសប់​អី​ម៉្លេះ នឹង​រៀប​ផ្លូវ​រក សេចក្ដី​ស្រឡាញ់​ដូច្នេះ អ្នក​បាន​ទាំង​បង្រៀន​ពួក​ស្រីៗ​អាក្រក់ តាម​ផ្លូវ​របស់​អ្នក​ដែរ។

34 មួយ​ទៀត នៅ​ជាយ​អាវ​អ្នក ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង យើង​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ។

35 ប៉ុន្តែ អ្នក​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ យើង​នឹង​កាត់​ទោស​អ្នក​ដោយ​ព្រោះ​អ្នក​ថា អ្នក​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ។

36 ហេតុ​អ្វី​បាន​ជា​អ្នក​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​បាន​ខ្មាស​ចំពោះ​ស្រុក​អាស‌ស៊ើរ​ដែរ

37 ហើយ​អ្នក​នឹង​ត្រូវ​ចេញ​ពី​ស្រុក​នោះ ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌យេហូវ៉ា មិន​ព្រម​ទទួល​ពួក​ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​អ្នក​នឹង​មិន​បាន​ចម្រើន​នៅ​ជា‌មួយ​គេ​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia