ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 18

ជាង​ស្មូន និង​ភាជនៈ

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​ហោរា​យេរេមា​ថា៖

2 ចូរ​ចុះ​ទៅ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះ​យើង​នឹង​ឲ្យ​អ្នក​ឮ​ពាក្យ​យើង។

3 ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​ជាង​ស្មូន ហើយ​គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល។

4 កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​ខូច​នៅ​ដៃ​គាត់ នោះ​គាត់​ធ្វើ​ជា​ភាជនៈ​ផ្សេង​ទៀត តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។

5 ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ​ថា៖ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​យើង​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ? មើល៍! ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​យើង​យ៉ាង​នោះ​ដែរ។

7 នៅ​វេលា​ណា​ដែល​យើង​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ

8 ប្រសិន‌បើ​នគរ​ដែល​យើង​បាន​និយាយ​នោះ បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​យើង​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​បាន​គិត​ធ្វើ​ដល់​គេ​ដែរ។

9 ប្រសិន​បើ​ពេល​ណា​យើង​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង

10 បើ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​យើង ហើយ​មិន​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​ល្អ ដែល​យើង​បាន​ថា​នឹង​ធ្វើ​ដល់​គេ​នៅ​វេលា​នោះ​ដែរ។

11 ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ឥឡូវ​នេះ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​កំពុង​តែ​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ជុំ‌វិញ ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​អ្នក​ដែរ ដូច្នេះ ចូរ​វិល​ពី​ផ្លូវ​អាក្រក់​របស់​អ្នក​រៀង​ខ្លួន ហើយ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​អ្នក​ឡើង​វិញ​ឥឡូវ​ចុះ។

អ៊ីស្រាអែល​បំភ្លេច​ព្រះ‌អម្ចាស់​របស់​ខ្លួន

12 ប៉ុន្តែ គេ​ឆ្លើយ​ថា៖ ឥត​ប្រយោជន៍​ទេ ដ្បិត​យើង​រាល់​គ្នា​នឹង​ដើរ​តាម​តែ​គំនិត​របស់​យើង​ប៉ុណ្ណោះ យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​តែ​សេចក្ដី​រឹង​ចចេស​នៃ​ចិត្ត​អាក្រក់​របស់​យើង​រៀង​ខ្លួន។

13 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ស៊ើប​សួរ​រក​នៅ​កណ្ដាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ? នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រា‌អែល បាន​ប្រព្រឹត្តអំពើដ៏​អាក្រក់​បំផុត។

14 តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន លែង​មាន​ពី​ថ្ម​នៅ​ស៊ីរាន​ឬ? តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ?

15 ឯ​ប្រជា‌រាស្ត្រ​របស់​យើង បានបំភ្លេច​យើង គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ហើយ​ដើរ​វាង​តាម​ផ្លូវ ដែល​មិន​បាន​លើក គឺ​មិន​ដើរ​តាម​ផ្លូវ​ធំ​សោះ

16 ដោយ​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ហួស​ចិត្ត​ជា‌និច្ច។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នឹង​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។

17 យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។

ការ​រួមគំនិតគ្នា​ប្រឆាំង​នឹង​ហោរា​យេរេមា

18 ពេល​នោះ គេ​បបួល​គ្នា​ថា៖ មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ។

19 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ប្រុង​ស្តាប់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូល‌បង្គំ​ផង។

20 តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ? ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​បំបែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ​ពី​គេ​ដែរ។

21 ដូច្នេះ សូម​ព្រះ‌អង្គឲ្យ​កូន​ចៅ​គេ​ជួប​អំណត់ ហើយ​ប្រគល់​គេ​ដល់​អំណាច​ដាវ សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួក​កំលោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម។

22 សូម​ឲ្យ​មាន​ឮ​សម្រែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ព្រះ‌អង្គ​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូល‌បង្គំ ហើយ​បាន​លាក់​អន្ទាក់ ដើម្បី​ទាក់​ជើង​ទូល‌បង្គំ​ផង។

23 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សម្លាប់​ទូល‌បង្គំ​ហើយ សូម​ព្រះ‌អង្គ​កុំ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ព្រះ‌អង្គ​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ព្រះ‌អង្គ​វិញ សូម​ព្រះ‌អង្គ​សម្រេច​ដល់​គេ ក្នុង​វេលា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ចុះ។

© 2016 United Bible Societies

Bible Society in Cambodia