ការអាក្រក់របស់សង្គមត្រូវបានប្រកាសចេញទៅ1 វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។ 2 គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។ 3 ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។ 4 នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។ 5 ដូច្នេះ អ្នកនឹងមិនមានអ្នកណា សម្រាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។ 6 គេថា «កុំថ្លែងទំនាយឲ្យសោះ ពួកហោរានឹងលែងថ្លែងទំនាយដល់ពួកយ៉ាងនេះហើយ តែដំណៀលនឹងមិនផុតឡើយ»។ 7 ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ? ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើព្រះអង្គត្រូវទញ់ទាល់ឬ? តើព្រះអង្គឬអី ដែលធ្វើការទាំងនោះ តើយើងប្រើពាក្យមិនធ្វើល្អ ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ? 8 ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នា ដូចជាខ្មាំងសត្រូវ ឯពួកអ្នកដែលដើរតាមផ្លូវដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចម្បាំងវិញ។ 9 ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងប្រជារាស្ត្រយើង ចេញពីផ្ទះដែលគេស្រឡាញ់ ហើយដកសិរីល្អរបស់យើង ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។ 10 ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែង សម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន វិនាសកម្មយ៉ាងខ្លោចផ្សា។ 11 បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ មកកុហកថា "ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង" គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។ ព្រះអម្ចាស់ប្រមូលផ្តុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់12 ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា យើងនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។ 13 ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។ |
© 2016 United Bible Societies
Bible Society in Cambodia