ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


បរិទេវ 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
បរិទេវ 3

ព្រះហឫទ័យ​សប្បុរស​របស់​ព្រះ​នៅស្ថិត​ស្ថេរ​ជាដរាប

1 ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ

2 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ

3 ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំផ្ទួនៗ​រាល់​ថ្ងៃ។

4 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង

5 ព្រះ‌អង្គ​បាន​ធ្វើ​របង​ឃុំ​ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល និង​ការ​ដែល​នឿយ​លំបាក

6 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។

7 ព្រះ‌អង្គ​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​យក​ច្រវាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់

8 ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ

9 ព្រះ‌អង្គ​បាន​ដាក់​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់។

10 ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ

11 ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង

12 ព្រះ‌អង្គ​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សម្រាប់​ព្រួញ។

13 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ព្រះ‌អង្គ​ទម្លុះ​ថ្លើម​ខ្ញុំ

14 ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។

15 ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។

16 ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ

17 ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ

18 ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។

19 ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។

20 ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។

21 តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម

22 គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត

23 សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។

24 ព្រលឹង​ខ្ញុំ​បាន​ពោល​ថា «ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។

25 ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។

26 បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។

27 ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ

28 អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ព្រះ‌អង្គ​ដែល​ដាក់​នឹម​លើ​ខ្លួន

29 អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី (បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន)

30 ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។

31 ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។

32 ទោះ​បើ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុ‌រស​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ

33 ព្រះ‌អង្គ​មិនសប្បាយព្រះ‌ហឫ‌ទ័យ​ទេ ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះ។

34 ពេល​គេ​ជិះ​ជាន់​ពួក​ឈ្លើយ​នៅ​ផែនដី

35 ពេល​គេ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត

36 ឬ​បង្កាច់​បំភាន់​មនុស្ស​ណា​ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ

37 បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?

38 ឯ​ការ​អាក្រក់​នឹង​ការ​ល្អ តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ?

39 ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។

40 ចូរ​យើង​ពិចា‌រណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ។

41 ចូរ​ឲ្យ​យើង​តម្រង់​ចិត្ត​ឡើង ទៅឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា‌មួយ​ដៃ​យើង​ផង។

42 យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។

43 ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គ ដោយ​សេចក្ដី​ក្រោធ ហើយ​ដេញ​តាម​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ

44 ព្រះ‌អង្គ​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា ចូល​ទៅ​ដល់​បាន​ឡើយ។

45 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្ដាល​អស់​ទាំង​សាសន៍។

46 ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ

47 ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច និង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ផង។

48 ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ។

49 ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ

50 ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។

51 ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។

52 ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប

53 គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង

54 មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។

55 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត

56 ព្រះ‌អង្គ​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ»

57 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ»

58 ឲ្យ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។

59 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។

60 ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ។

61 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។

62 ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។

63 សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចម្រៀង​របស់​គេ​ហើយ។

64 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ

65 ព្រះ‌អង្គ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​បណ្ដាសា​ដល់​គេ

66 ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ក្រោធ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia