សុបិនស្នេហ៍1 ពេលយប់ នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តខ្ញុំ ខ្ញុំខំស្វែងរក ប៉ុន្តែ រកគាត់មិនឃើញសោះ ខ្ញុំស្រែកហៅគាត់ តែគាត់មិនឆ្លើយ ។ 2 ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ខ្ញុំស្វែងរកម្ចាស់ដួងចិត្ត ខ្ញុំស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន នៅតាមទីធ្លា ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញគាត់សោះ 3 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា «តើអ្នករាល់គ្នាបានឃើញម្ចាស់ដួងចិត្ត ដែលខ្ញុំស្រឡាញ់ឬទេ?» 4 ខ្ញុំបានដើរហួសពីគេបន្តិច ស្រាប់តែខ្ញុំជួបម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំបានឱបគាត់ជាប់ មិនព្រមឲ្យគាត់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។ 5 ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់ជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែម្ចាស់ចិត្តខ្ញុំយល់ស្រប។ កូនកំលោះ និងពិធីមង្គលការជិតចូលមកដល់6 តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ? 7 ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន មានមនុស្សស្ទាត់ជំនួញ ក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែលហុកសិបនាក់ហែហម 8 គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចម្បាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅពេលយប់។ 9 ស្តេចសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ សម្រាប់អង្គទ្រង់ ដោយឈើពីព្រៃល្បាណូន 10 ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកម្រាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលប៉ាក់ ដោយសេចក្ដីស្រឡាញ់។ ពួកកូនស្រីក្រុងយេរូសាឡិមអើយ 11 ចូរចេញមក មើលព្រះបាទសាឡូម៉ូនចុះ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ ទ្រង់ពាក់មកុដដែលមាតាបានបំពាក់ថ្វាយ ក្នុងថ្ងៃវិវាហមង្គលរបស់ទ្រង់ គឺនៅថ្ងៃដែលទ្រង់មានព្រះហឫទ័យ រីករាយសប្បាយ។ |
© 2016 United Bible Societies
Bible Society in Cambodia