Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សូម​សរសើរ​កូន​ក្រមុំ​ដ៏ស្រស់​ស្អាត

1 មាស​សម្លាញ់​អើយ អូន​ស្អាត​ណាស់ មើល៍ អូន​ជា​ស្រីស្រស់ស្អាត​ណាស់ ភ្នែកអូន​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាប សក់​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ នៅ​ស្រុក​កាឡាត។

2 ធ្មេញ​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​កាត់​រោម រួច​ឡើង​មក​ពី​ការ​លាង​ជម្រះ​វិញ ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ

3 បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើល តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹមមួយ​ចំហៀង។

4 ក​ឯង​ដូច​ជា​ប៉ម​របស់​ព្រះបាទ​ដាវីឌ ដែល​សង់​ឡើង​សម្រាប់​ជា​ទី​ទុក​គ្រឿង​អាវុធ ជា​កន្លែង​ដែល​មាន​ខែល​មួយ​ពាន់​ព្យួរ​ទុក គឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ

5 ដោះ​ឯង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។

6 ៙ យើង​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។

7 ៙ ឱ​មាស​សម្លាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ

8 ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន ជា‌មួយ​យើង​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

9 ឱ​ប្អូន ជា​ប្រពន្ធ​អើយ ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើង​ទៅ​ហើយ ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើងដោយ​កែវ​ភ្នែក និង​ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​មួយ​ប៉ុណ្ណោះ។

10 ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្ដី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់។ សេចក្ដី​ស្រឡាញ់​របស់​ឯង ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ប្រេង​អប់​របស់​ឯង ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ

11 ឱ​ប្រពន្ធ​អើយ បបូរ​មាត់​ឯង​ស្រក់​មក​ជា​ទឹក​ឃ្មុំ មាន​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្ដាត​ឯង ហើយ​ក្លិន​សម្លៀក​បំពាក់​របស់​ឯង ដូច​ជា​ក្លិន​ក្រអូបនៃ​ព្រៃ​ល្បាណូន

12 ប្អូនជា​ប្រពន្ធ​របស់​យើង ប្រៀប​ដូច​ជា​សួន‌ច្បារដែល​រាំង​ផ្លូវ​ចូល ជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់

13 ត្រួយ​ឯង​ជា​ចម្ការ​ទទឹម មាន​ផ្លែ​ដ៏​វិសេស ក៏​មាន​ដើម​ក្រពេន និង​ដើម​ទេព្វិរូ

14 គឺ​ទេព្វិរូ និង​រមៀត ដើម​កន្ធាយ ហើយ​សម្បុរ​ល្វែង នូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរ និង​ជ័រ​ល្វីង‌ទេស ក្រឹស្នា ហើយ​គ្រឿង​ក្រអូប​យ៉ាង​សំខាន់​ទាំង​អស់

15 ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូងមាន​ទឹក​រស់ ជា​ទឹក​ជ្រោះ​ហូរ​មក​ពី​ភ្នំ​ល្បាណូន។

16 ៙ ឱ​ខ្យល់​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ខ្យល់​ខាង​ត្បូង​អើយ ចូរ​មក​ចុះ ចូរ​បក់​មក​លើ​សួន‌ច្បារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ក្លិន​ក្រអូប​សាយ​ចេញ​ទៅ សូម​ឲ្យ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ ចូល​មក​ក្នុង​សួន‌ច្បារ​របស់​ទ្រង់ ហើយ​សោយ​ផល​ដ៏​មាន​ឱជា‌រស របស់​ទ្រង់​ចុះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម