ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


និក្ខមនំ 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
និក្ខមនំ 6

ព្រះ‌បន្ទូល​សន្យាអំពី​ការ​រំដោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។

2 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា

3 យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។

4 យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។

5 យើង​បាន​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សាសន៍​អេស៊ីព្ទ​ចាប់​ឲ្យ​ធ្វើ​ជា​ទាសករ ហើយ​យើង​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា​របស់​យើង។

6 ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។

7 យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។

8 យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ យើង​ជា​ព្រះ‌យេហូវ៉ា"»។

9 លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។

10 ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖

11 «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ត្រូវ​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ»។

12 ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ សូម្បី​តែ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​ទូល‌បង្គំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ ជា​អ្នក​ដែល​មិន​សូវ​មាន​វោហារ​ដូច្នេះ? »

13 នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ជាសេចក្ដី​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

បញ្ជី‌រាយ​នាម​ពង្សាវតារ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន

14 នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។

15 កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​ស៊ីម្មាន។

16 ឈ្មោះ​របស់​ពួក​កូន​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​គេ គឺ​គើសុន កេហាត់ និង​ម្រ៉ារី ហើយ​លេវី​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។

17 កូន​របស់​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ តាមក្រុម​គ្រួសារ​គេ។

18 កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។

19 កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។

20 អាំរ៉ាម​យក​នាង​យ៉ុកិបិត​ជា​ម្តាយ​មីង​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ ហើយ​អាំរ៉ាម​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។

21 កូន​របស់​យីតសារ គឺ​កូរេ នេផេក និង​ស៊ីកគ្រី។

22 កូន​របស់​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី។

23 អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។

24 កូន​របស់​កូរេ គឺ​អាស់ស៊ា អែល‌កា‌ណា និង​អេបៀ‌សាប់ អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​កូរេ។

25 អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។

26 គឺ​អើរ៉ុន និង​ម៉ូសេ​នេះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា «ចូរ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ»។

27 គឺ​លោក​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ឯង។

លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ

28 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ

29 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ចូរ​ប្រាប់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក»។

30 ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ?»។

© 2016 United Bible Societies

Bible Society in Cambodia