អំណរនៃការរស់នៅក្នុងក្រុងស៊ីយ៉ូនទំនុកជាបទចម្រៀងរបស់កូនចៅកូរេ។ 1 ព្រះយេហូវ៉ាបានសង់ទីក្រុងរបស់ព្រះអង្គ នៅលើភ្នំបរិសុទ្ធ 2 ព្រះអង្គស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន ជាជាងទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុប។ 3 ឱទីក្រុងរបស់ព្រះអើយ មានគេតំណាលពីសេចក្ដីរុងរឿងរបស់អ្នក។ –បង្អង់ 4 ៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស រួមទាំងសាសន៍អេធីយ៉ូពី ដែរ គេនិយាយថា «គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។ 5 គេនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះមួយ អ្នកនោះមួយ បានកើតនៅក្រុងនោះ ដ្បិតព្រះដ៏ខ្ពស់បំផុត ព្រះអង្គនឹងតាំងក្រុងនោះឲ្យមាំមួន។ 6 កាលព្រះយេហូវ៉ាចុះឈ្មោះសាសន៍ទាំងនោះ ចូលក្នុងបញ្ជី ព្រះអង្គសរសេរថា «គេបានកើតមកក្នុងក្រុងនោះ»។ –បង្អង់ 7 ពួកអ្នកចម្រៀង និងពួកអ្នករបាំ ពោលដូចគ្នាថា «ប្រភពទឹករបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងអ្នក»។ |
© 2016 United Bible Societies
Bible Society in Cambodia