ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 83 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 83

ពាក្យ​អធិស្ឋានសូម​ឲ្យ​ព្រះ​ទម្លាក់​ការ​ជំនុំ​ជម្រះទៅ​លើ​សត្រូវ​របស់​អ៊ីស្រា‌អែល
ទំនុក​ជា​បទ​ចម្រៀង​របស់​អេសាភ។

1 ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ!

2 ដ្បិត​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​អ៊ូអែរ អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។

4 គេ​ពោល​ថា «តោ៎ះ យើង​នាំ​គ្នា​កម្ចាត់​សាសន៍​នេះ​ចេញ កុំ​ឲ្យ​មាន​អ្នក​ណា​នឹក​ចាំ ឈ្មោះ​អ៊ីស្រា‌អែល​នេះ​ទៀត»។

5 ដ្បិត​គេ​បាន​រួម​សម​គំនិត​គ្នា គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ព្រះ‌អង្គ

6 គឺ​ពួក​សាសន៍​អេដុម សាសន៍​អ៊ីស‌ម៉ា‌អែល សាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន

7 សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌ឡេក សាសន៍​ភីលី‌ស្ទីន និង​ពួក​អ្នក​ស្រុក​ទីរ៉ុស

8 ឯ​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ សាសន៍​ទាំង​នោះ​ចូល​ដៃ​ជាមួយ ពួក​កូន​ចៅ​ឡុត។ -បង្អង់

9 ៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន

10 ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។

11 សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀប សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា

12 ជា​អ្នក​ដែល​បាន​ពោល​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះ ទុក​ជា​កេរ‌អាករ​របស់​យើង»។

13 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ដែល​ត្រូវ​ខ្យល់ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។

14 ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា

15 សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

16 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​ព្រះ‌អង្គ។

17 សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស

18 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​មាន​ព្រះ‌នាម​យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។

© 2016 United Bible Societies

Bible Society in Cambodia