ការកម្សាន្តចិត្ត និងការធានាអះអាងនៅចំពោះព្រះទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលទ្រង់គង់នៅទីរហោស្ថានស្រុកយូដា ។ 1 ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។ 2 ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ ទាំងសម្លឹងមើលព្រះចេស្ដា និងសិរីល្អរបស់ព្រះអង្គ។ 3 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ 4 ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ 5 ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់ ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់ ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយបបូរមាត់រីករាយ 6 ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់ 7 ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។ 8 ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។ 9 រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី 10 គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ 11 ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ នឹងមានចិត្តត្រេកអរឡើង ព្រោះមាត់របស់មនុស្សភូតកុហក នឹងត្រូវបិទ។ |
© 2016 United Bible Societies
Bible Society in Cambodia