ទំនុកតម្កើង 64 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមព្រះការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ 1 ឱព្រះអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលតម្អូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចផុតពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវផង។ 2 សូមលាក់ទូលបង្គំឲ្យរួចផុតពីផែនការសម្ងាត់ របស់ពួកមនុស្សអាក្រក់ និងពីពពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត 3 ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ ដូចជាព្រួញ 4 ដោយលបបាញ់ប្រហារមនុស្សទៀងត្រង់ គេបាញ់អ្នកនោះមិនឲ្យដឹងខ្លួន ឥតកោតក្រែងអ្វីឡើយ។ 5 គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់ ដោយស្ងាត់កំបាំង គេថា «តើអ្នកណាមើលយើង ឃើញ? 6 តើអ្នកណាអាចរកឃើញថា យើងប្រព្រឹត្តអំពើឧក្រិដ្ឋ? យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។ ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់! 7 ប៉ុន្តែ ព្រះនឹងបាញ់គេដោយព្រួញរបស់ព្រះអង្គ មិនឲ្យគេដឹងខ្លួន ហើយគេនឹងត្រូវរបួស។ 8 អណ្ដាតរបស់គេនឹងនាំឲ្យគេវិនាស អស់អ្នកណាដែលឃើញគេ នឹងគ្រវីក្បាល។ 9 នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ហើយពិចារណាពីកិច្ចការ ដែលព្រះអង្គបានធ្វើ។ 10 សូមឲ្យមនុស្សសុចរិតរីករាយក្នុងព្រះយេហូវ៉ា ហើយពឹងជ្រកក្នុងព្រះអង្គ សូមអស់អ្នកណាដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia