ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 59

ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​របស់​ស្តេច​ដាវីឌ តាម​បទ «សូម​កុំ​បំផ្លាញ» នៅ​គ្រា​ដែលស្តេច​សូល​ចាត់​គេ​ទៅ​ឃ្លាំ​មើល​ផ្ទះ​របស់ស្ដេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។ សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​រំដោះទូល‌បង្គំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ផង សូម​ការពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ។

2 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស ដែល​កម្ចាយ​ឈាម។

3 ដ្បិត​មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ គេពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​រក​រឿង​ទាស់​នឹង​ទូល‌បង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ

4 ក៏​មិន​មែន​ដោយ​ព្រោះ​កំហុស​របស់​ទូល‌បង្គំ​ដែរ គេ​រត់​មក ហើយ​ត្រៀម​ជាស្រេច​ហើយ។ សូម​ព្រះ‌អង្គ​តើន​ឡើង សូម​យាង​មក​ជួយ​ទូល‌បង្គំ ហើយ​ទត​មើល​ចុះ!

5 ឱ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល សូម​តើន​ឡើង ហើយ​ដាក់​ទោស ជាតិ​សាសន៍​ទាំង​អស់​នោះ សូម​កុំ​ប្រណី​អ្នក​ណា​ម្នាក់ ក្នុងចំណោម​អស់​អ្នក ដែល​ក្បត់​ដ៏​ទុច្ចរិត​ទាំង​នោះ​ឡើយ។ –បង្អង់

6 ៙ គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច ទាំង​លូ​ដូច​ជា​ឆ្កែ ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។

7 មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ ដ្បិត​គេគិត​ថា «តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»

8 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេ ព្រះ‌អង្គ​ចំអក​ឲ្យជាតិ​សាសន៍​ទាំង​អស់​នោះ។

9 ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គ ដ្បិត ឱ​ព្រះអើយ ព្រះ‌អង្គ​ជាបន្ទាយរបស់​ទូល‌បង្គំ។

10 ៙ ព្រះ​របស់​ខ្ញុំ ព្រះ‌អង្គ​នឹង​យាង​មក​រក​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ​នឹង​ឲ្យ​ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បរាជ័យ។

11 ៙ សូម​កុំ​សម្លាប់​គេ ក្រែង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ​ភ្លេច ឱ​ព្រះ‌អម្ចាស់​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ធ្វើ​ឲ្យ​គេ​រញ្ជួយ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ ហើយ​ច្រាន​ទម្លាក់​គេ​ទៅ!

12 ដ្បិត​អំពើ​បាបដែល​ចេញ​ពី​មាត់​របស់​គេ និង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​គេ សូម​ឲ្យ​គេ​ជាប់​អន្ទាក់ ដោយ​សារ​អំនួត​របស់​ខ្លួន។ ដ្បិតពាក្យ​ជេរ​ប្រទេច​ផ្ដាសា និង​ពាក្យ​ភូត​ភរ ដែល​គេ​បញ្ចេញ​មក

13 សូម​បំផ្លាញ​គេដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេឲ្យ​អស់ កុំ​ឲ្យ​មាន​ទៀត​ឡើយ ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ​គ្រប់‌គ្រង​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី។ –បង្អង់

14 ៙ គេ​ត្រឡប់​មក​វិញ​រាល់​ល្ងាច ទាំង​លូ​ដូច​ជា​ឆ្កែ ហើយ​ដើរ​ក្រវែល​ជុំ​វិញ​ទី​ក្រុង។

15 គេ​ដើរ​ចុះ​ឡើង​រក​អាហារ ហើយ​គេ​គ្រហឹម ប្រសិន‌បើ​គេ​ស៊ីមិន​ឆ្អែត។

16 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ច្រៀង ពី​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ស្រែក​ច្រៀងពី ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ព្រះ‌អង្គ​ជា​បន្ទាយ និង​ជា​ជម្រក​ដល់​ទូល‌បង្គំ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា។

17 ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដ្បិត ឱព្រះ​អើយ ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ សប្បុរស​ដល់​ទូល‌បង្គំ។

© 2016 United Bible Societies

Bible Society in Cambodia