ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 56

ពេល​ជួប​ការ​បៀត​បៀន ចូរ​ទុក​ចិត្តដល់​ព្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។ តាម​បទ «សត្វ​ព្រាប​គ​នៅ​ស្រុក​ឆ្ងាយ» នៅ​គ្រា​ដែល​សាសន៍​ភីលី‌ស្ទីន​ចាប់​ព្រះ‌អង្គ​នៅ​ក្រុង​កាថ។

1 ឱ​ព្រះ​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​មនុស្ស​ជាន់​ឈ្លីទូល‌បង្គំ​ហើយ គេ​វាយ​ប្រហារ ហើយ​សង្កត់‌សង្កិន ទូល‌បង្គំ​រាល់​ថ្ងៃ។

2 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។

3 ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។

4 ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

5 គេ​មួល​បង្កាច់​ពាក្យ​ខ្ញុំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ សុទ្ធ​តែ​ប៉ង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ។

6 គេរក​រឿង​ឈ្លោះប្រកែក គេ​ពួន​ខ្លួន គេ​ឃ្លាំ​មើល​ជំហាន​របស់​ខ្ញុំ ព្រោះ​គេ​រក​ឱកាស​នឹង​សម្លាប់​ខ្ញុំ។

7 ៙ តើ​គេ​នឹង​គេច​ផុត​ដោយ​អំពើ​អាក្រក់ រប​ស់​គេ​បាន​ឬ? ឱ​ព្រះ​អើយ សូម​ទម្លាក់​ប្រជាជនទាំង​នោះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ។

8 ព្រះ‌អង្គ​បាន​កត់​ត្រា​ទុក​អស់​ការ​សាត់​អណ្តែត របស់​ទូល‌បង្គំ ក៏​ដាក់​ទឹក​ភ្នែក​ទូល‌បង្គំទុក​ក្នុង​ដប​របស់​ព្រះ‌អង្គ តើ​ទឹក​ភ្នែក​ទាំង​នោះ មិន​នៅ​ក្នុង​បញ្ជី​ព្រះ‌អង្គ​ទេ​ឬ?

9 ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។

10 ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ

11 នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

12 ៙ ឱ​ព្រះ​អើយ ទូល‌បង្គំត្រូវ​តែ​លា​បំណន់ តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ។

13 ដ្បិត​ព្រះ‌អង្គ​បាន​រំដោះព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្លាប់ អើ ក៏​បានជួយ​ជើង​ទូល‌បង្គំ​មិនឲ្យ​ដួលដែរ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត។

© 2016 United Bible Societies

Bible Society in Cambodia