ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 5

ទុក​ចិត្ត​ដល់​ព្រះ ឲ្យ​ព្រះ‌អង្គ​រំដោះ​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំ សូម​ពិចារណា​សម្រែក​ឈឺ​ចាប់ របស់​ទូល‌បង្គំផង។

2 ឱ​ព្រះ​មហា‌ក្សត្រ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។

3 ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។

4 ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ អំពើ​អាក្រក់​មិន​អាច​នៅ​ជា​មួយ ព្រះ‌អង្គ​បាន​ឡើយ។

5 មនុស្ស​ព្រហើនមិន​អាច​ឈរ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ​បាន​ទេ ព្រះ‌អង្គ​ស្អប់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

6 ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរ ព្រះ‌យេហូវ៉ាស្អប់​ខ្ពើម​មនុស្ស​កម្ចាយ​ឈាម និងមនុស្ស​បោក​ប្រាស់។

7 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល ទៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹងក្រាប​ថ្វាយ‌បង្គំ ឆ្ពោះ​ទៅ​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អង្គ។

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវរបស់​ព្រះ‌អង្គ ត្រង់​នៅ​មុខ​ទូល‌បង្គំ​ផង។

9 ដ្បិត​នៅ​ក្នុង​មាត់​របស់​គេ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​វិនាស បំពង់​ករបស់​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ អណ្ដាត​របស់​គេ​មាន​តែ​ពាក្យ​បញ្ចើចបញ្ចើ។

10 ឱ​ព្រះ‌អង្គ​អើយ សូម​កាត់​ទោស​គេ សូម​ឲ្យ​គេ​ដួល​ចុះ ដោយ​សារ​ឧបាយ​របស់​ខ្លួន​គេ សូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ ដែល​ច្រើន​ឥត​គណនា ដ្បិត​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​ហើយ។

11 តែ​សូម​ឲ្យ​អស់​អ្នក​ដែល​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ បាន​រីក‌រាយ​ឡើង សូម​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ សូម​ព្រះ‌អង្គ​រក្សា​ការ​ពារ​គេ ហើយ​សូម​ឲ្យ​អស់​អ្នក ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ បាន​ត្រេក‌អរក្នុង​ព្រះ‌អង្គ។

12 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

© 2016 United Bible Societies

Bible Society in Cambodia