Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ទូល​អង្វរ​ទាំង​ទុក​ចិត្ត​ឲ្យ​ព្រះ​រំដោះ​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង! ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។ សូមប្រណី​សន្ដោស​ទូល‌បង្គំ ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន របស់​ទូល‌បង្គំ​ផង។

2 ឱ​ពួក​មនុស្ស​ជាតិ​អើយ តើអ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពាក្យ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត? -បង្អង់

3 ប៉ុន្តែ ត្រូវ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ញែក​មនុស្ស ដែល​កោត​ខ្លាច​ព្រះ‌អង្គ ទុក​សម្រាប់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ពេល​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

4 ចូរ​ខឹង​ចុះ តែ​កុំប្រព្រឹត្ត​អំពើ​បាប​ឡើយ ចូរ​សញ្ជឹង​គិត​ក្នុង​ដំណេក​របស់​អ្នក ហើយ​នៅ​ស្ងៀម​ចុះ។ -បង្អង់

5 ចូរ​ថ្វាយ​យញ្ញ​បូជា​ដ៏​សុចរិត ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

6 មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»

7 ព្រះ‌អង្គ​បាន​ដាក់​អំណរ​ក្នុង​ចិត្ត​ទូល‌បង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន នៅ​ពេល​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​គេ សម្បូណ៌​ទៅ​ទៀត។

8 ទូល‌បង្គំ​នឹង​សម្រាក​កាយ ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ដោយ​សាន្ត‌ត្រាណ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម