ពាក្យអធិស្ឋានសូមប្រាជ្ញា និងការអត់ទោសទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ជូនដល់លោកយេឌូថិន ។ 1 ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។ 2 ខ្ញុំបាននៅស្ងៀម ឥតនិយាយស្ដី គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង 3 ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង ហើយអណ្ដាតខ្ញុំពោលថា៖ 4 «ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា! 5 មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់ 6 ៙ ប្រាកដមែន មនុស្សមានជីវិត ប្រៀបដូចជាស្រមោល! ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិទុក តែមិនដឹងថានឹងបានទៅអ្នកណាទេ។ 7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ 8 សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។ 9 ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។ 10 សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។ 11 ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់ 12 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។ 13 សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។ |
© 2016 United Bible Societies
Bible Society in Cambodia