ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 34

ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​រំដោះ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ក្លែង​ធ្វើ​ជា​ឆ្កួត នៅ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បណ្ដេញ​ទ្រង់​ចេញ​ទៅ។

1 ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។

2 ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​ពី​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​រាប​សារ​ស្ដាប់ ហើយ​មាន​ចិត្ត​ត្រេក​អរ​ឡើង។

3 ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។

4 ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។

5 អស់​អ្នក​ដែល​ពឹង​ដល់​ព្រះ‌អង្គ គេ​មាន​អំណរ​ព្រោង​ព្រាយ ហើយ​មុខ​របស់​គេ មិន​ដែល​ខ្មាស​ឡើយ។

6 មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

7 ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។

8 ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

9 ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ មិន​ខ្វះ​អ្វី​ឡើយ!

10 ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។

11 ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា។

12 តើ​មាន​អ្នក​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​ឬទេ?

13 ត្រូវ​បញ្ចៀស​អណ្ដាត​ខ្លួន​ពី​សេចក្ដី​អាក្រក់ និង​បបូរ​មាត់ កុំ​ពោល​ពាក្យ​បោក​បញ្ឆោត។

14 ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។

15 ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។

16 ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។

17 ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។

18 ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

19 មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។

20 ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។

21 អំពើ​អាក្រក់​នឹង​សម្លាប់​មនុស្ស​ពាល ហើយ​អស់​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវទទួល​ទោស។

22 ព្រះ‌យេហូវ៉ា​លោះ​ជីវិត ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia