ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 31

ពាក្យ​អធិស្ឋាន និង​ការ​សរសើរ​តម្កើងដល់​ព្រះ ដែល​ព្រះ‌អង្គ​រំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​រំដោះ​ទូល‌បង្គំ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ផង!

2 សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង!

3 ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ សូម​នាំ ហើយ​តម្រង់​ផ្លូវ​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ

4 សូម​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ ដោយ​លួច​លាក់​ដើម្បី​ចាប់​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ។

5 ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ទូល‌បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះដ៏​ស្មោះ‌ត្រង់​អើយ ព្រះ‌អង្គ​បានប្រោស​លោះ​ទូល‌បង្គំ។

6 ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

7 ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ

8 ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹង និង​រូប​កាយ​ទូល‌បង្គំ​ក៏​ខ្សោយ​ដែរ។

10 ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។

11 ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល ជា​ពិសេស ចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក ដែល​ស្គាល់​ទូល‌បង្គំ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​គេច​មុខ​ពី​ទូល‌បង្គំ។

12 គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​កំបែក។

13 ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មួល​បង្កាច់ របស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់ គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។

14 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។

15 អាយុ​ជីវិត​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង!

16 សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

17 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ!

18 សូម​ឲ្យ​បបូរ​មាត់​ភូត​ភរ​ក្លាយ​ទៅ​ជា​គ ជា​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត ដោយ​ព្រហើន និង​ប្រមាថ​មើល‌ងាយ។

19 ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។

20 ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។

21 សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុង ដែលសត្រូវ​ឡោម​ព័ទ្ធ។

22 ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។

23 ឱ​អស់​អ្នក​ដែល​ជា​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​អើយ ចូរ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរ។

24 ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា ក្លាហាន​ឡើង!

© 2016 United Bible Societies

Bible Society in Cambodia