ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 20

ពាក្យអធិស្ឋាន​សូម​ឲ្យ​មាន​ជ័យ​ជម្នះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 សូម​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ដល់​ព្រះ​ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា!

2 សូម​ព្រះ‌អង្គ​បញ្ជូន​ជំនួយ​ពី​ទី​បរិសុទ្ធ មក​ជួយ​ព្រះ​ករុណា ហើយ​ចម្រើន​កម្លាំង​ព្រះ​ករុណា ពី​ក្រុង​ស៊ីយ៉ូន​មក!

3 សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​តង្វាយ​ទាំង​ប៉ុន្មាន របស់​ព្រះករុណា ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា របស់​ព្រះករុណា​ផង! –បង្អង់

4 ៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច!

5 សូម​ឲ្យ​យើង​ខ្ញុំ​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា ហើយ​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង។ សូម​ព្រះ‌យេហូវ៉ា​សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង។

6 ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ព្រះ​ករុណា​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំ ដែល​តែង‌តែ​ជួយ។

7 អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។

8 អ្នក​ទាំង​នោះនឹងរំលំ ហើយ​ដួល​ចុះ តែ​យើង​នឹង​ក្រោក​ឈរ​យ៉ាង​មាំ។

9 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ សូម​ព្រះ​ដ៏​ជា​មហាក្សត្រ ឆ្លើយ​តប​មក​យើង​ខ្ញុំផង ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia