ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 132 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 132

លំនៅដ៏​អស់​កល្បជានិច្ច​របស់​ព្រះ​នៅ​ក្រុង​ស៊ីយ៉ូន
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ព្រះ​បាទ​ដាវីឌ និង​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក

2 ពី​ដំណើរ​ដែល​លោក​បាន​ស្បថ ចំពោះ​ព្រះ‌យេហូវ៉ា គឺ​បាន​ស្បថ​ចំពោះ​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប​ថា៖

3 «ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ទូល‌បង្គំ ឬ​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​របស់​ទូល‌បង្គំ​ឡើយ

4 ទូល‌បង្គំនឹង​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក ឬ​ឲ្យ​ត្របក​ភ្នែក​ទូល‌បង្គំ​លង់​លក់​ឡើយ

5 រហូត​ទាល់​តែ​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ពន្លា​សម្រាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ របស់​លោក​យ៉ាកុប»។

6 មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។

7 សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ!

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង សូម​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ទី​សម្រាក របស់​ព្រះ‌អង្គ ព្រម​ទាំង​ហិប​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គផង។

9 សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​កាយ ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ស្រែកហ៊ោ​ដោយ​អំណរ។

10 ដោយ​យល់​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​កុំ​បោះ​បង់​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេងតាំង​ឡើយ។

11 ៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។

12 ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។

13 ៙ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។

14 «នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។

15 យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរ យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។

16 ឯ​ពួក​សង្ឃ​របស់​ក្រុង​នេះ យើង​នឹង​តាក់‌តែងដោយ​សេចក្ដី​សង្គ្រោះ ហើយ​ពួក​បរិសុទ្ធ​នៅ​ក្រុង​នេះ នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ។

17 នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​ស្នែង របស់​ដាវីឌ​ដុះ​ពន្លក​ឡើង យើង​បាន​រៀប​ចំ​ចង្កៀង​មួយ​សម្រាប់​អ្នក ដែលយើងបាន​ចាក់​ប្រេង​តាំង។

18 យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស តែ​នៅ​លើ​ក្បាល​លោក​វិញ នឹង​មាន​មកុដ​ដ៏​រុងរឿង»។

© 2016 United Bible Societies

Bible Society in Cambodia