ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 116 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 116

ពាក្យ​អរ​ព្រះ​គុណសម្រាប់​ការ​ប្រោស​ឲ្យ​ជា

1 ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។

2 ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។

3 អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ការ​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បានរឹត​រួត​ខ្ញុំ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ថប់​បារម្ភ។

4 ពេលនោះ ខ្ញុំ​បាន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ​ផង!»

5 ៙ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។

6 ព្រះ‌យេហូវ៉ា​ជួយ​ការពារ​មនុស្ស​ឆោត​ល្ងង់ កាល​ខ្ញុំ​ត្រូវ​គេ​បន្ទាប‌បន្ថោក ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។

7 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។

8 ៙ ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំ ហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។

9 ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។

10 ខ្ញុំ​បាន​ជឿ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ពោល​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់»។

11 ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។

12 ៙ តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌យេហូវ៉ា ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?

13 ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

14 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ។

15 ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា មាន​តម្លៃ​វិសេស​ណាស់ នៅចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ។

16 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។

17 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

18 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ

19 នៅ​ក្នុង​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា នៅ​កណ្ដាល​អ្នក ឱ​ក្រុង​យេរូ‌សាឡិម​អើយ។ ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia